កំពង់ចាម: ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ កាកបាទក្រហមកម្ពុជា តាមរយៈសមាគមនិកាយសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៦០០ខ្នងផ្ទះ ដែលទទួលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គនាពេលកន្លងមក ក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានពាំនាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពណ៍សម្បុរ ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គខេត្តកំពង់ចាម បានហក់ឡើង រយៈពេលជិត២ខែមកនេះ បង្កឲ្យផលដំណាំរបស់បងប្អូនប្រជាកសិករយើងជាង១ម៉ឺនហិកតា ត្រូវរងការលិចលង់ និងរងការខូចខាតអស់ជិត៧ពាន់ហិកតា ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពស់ទឹកជំនន់ទន្លេមេគង្គ បានចាប់ផ្ដើមស្រកចុះ បណ្តើរៗហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ក៏ត្រូវត្រៀមរៀបចំពូជដំណាំផ្សេងៗ ដើម្បីធ្វើការដាំដុះ បង្កបង្កើនផល ស្ដារជីវភាពឡើងវិញ ដោយមានអាជ្ញាធរពាក់ព័ន្ធ បានត្រៀមលក្ខណៈផ្តល់ពូជធារ សម្រាប់ចុះជួយដល់ពលរដ្ឋយើងផងដែរ។
លើសពីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមាគមនិកាយសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានរួមចំណែកផ្តល់នូវអំណោយមនុស្សធម៌ទាំងអស់នេះ ជាមួយនឹងកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ដោយអំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេះតូច និងថ្នាំពេទ្យ១កញ្ចប់ផងដែរ។
ដោយឡែកជាមួយគ្នានោះ លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ក៏បានធ្វើការសំណេះសំណាល សាកសួរសុខទុក្ខ និងជូនជាអំណោយកំដរដៃដល់លោកតា លោកយាយ ចំនួន៤៨៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល និងក្រុមព្រឹក្សាឃុំក្នុងម្នាក់ៗទទួលបាន៣ម៉ឺនរៀល ផងដែរ ៕