ក្រុមហ៊ុនរបស់រដ្ឋចិនចំនួន៦មកសិក្សាគម្រោងកសាងផ្លូវនិងលូនៅខេត្តព្រះសីហនុ

0

ក្រុមហ៊ុនមកពីប្រទេសចិនចំនួន៦ដែលមានបទពិសោធក្នុងការកសាងផ្លូវនិងលូ មកធ្វើការសិក្សាស្តីពីគម្រោងសាងសង់ផ្លូវនិងលូនៅក្រុងព្រះសីហនុ។

ថ្លែងក្នុងជំនួបពិភាក្សាមួយ រវាង អភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុនចំនួន៦មកពីប្រទេសចិន កាលពីព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ ទាក់ទងនឹងគម្រោងសិក្សាក្នុងការកសាងផ្លូវនិងលូ នៅក្រុងព្រះសីហនុ បន្ទាប់ពីរងការខូចខាតនាដំណាក់កាលបច្ចុប្បន្ន។ក្រៅពីការសិក្សាលើគម្រោងសាងសង់ផ្លូវនិងលូ ខាងតំណាងក្រុមហ៊ុនចិនទាំងនោះក៏មានបំណងវិនិយោគលើគម្រោងប្រមូលសំរាមនិងកែច្នៃសំរាមផងដែរ។

ឯកឧត្តម  យន្ត មីន អភិបាលខេត្តព្រះសីហនុ  បានសំដែងការស្វាគមន៍ចំពោះក្រុមហ៊ុនចិនដែលមានបំណងក្នុងគម្រោងការស្តារហេដ្ឋារចនាសម្ពន័្ធផ្លូវ លូក្នុងខេត្តព្រះសីហនុ។ទន្ទឹមនោះ

ខេត្តព្រះសីហនុ ក៏បានស្នើសុំជំនួយហិរញ្ញាវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីជួសជុលបន្ទាន់សំរាប់ផ្លូវនៅក្រុងព្រះសីហនុតាមប្រភេទផ្លូវអាទិភាព។

លោក សង្ឃឹមថារដ្ឋាភិបាលនិងគាំទ្រចំពោះគម្រោងនេះស្របជាមួយនឹងខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកថា ជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគាត់និងជាខេត្តបំពង់កសេដ្ឋកិច្ចរបស់កម្ពុជា។

លោកបន្តថាកន្លងមកធានាគារ អេ ឌី ប៊ី ធ្លាប់បានសន្យាជួយជួសជុលផ្លូវ លូ ក្នុងក្រុងព្រះសីហនុ ដែរ តែរហូតមកដល់ពេលនេះនៅមិនទាន់មានសកម្មភាពនៅឡើយ។

ទោះជាបែបនេះក្តី តាមរយៈការពិភាក្សានេះ ឯកឧត្តម យន្ត មីន មានរំពឹងថាក្រុមហ៊ុនចិននឹងអាចធ្វើការជាមួយខេត្តព្រះសីហនុ ក្នុងការស្តារវិស័យហេដ្ឋារចនាសម្ពន័្ធនៅខេត្តព្រះសីហនុ អោយបានល្អប្រសើរ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានបញ្ជាក់ថា៖ផ្លូវមេក្នុងក្រុងសំខាន់ៗដែលលើកយកមកពិភាក្សាគ្នានេះមានចំនួន៨ខ្សែបែកខ្នែងសំខាន់ៗចំនួន២៨ខ្សែ មានប្រវែងសរុបចំនួន១៤០គម។ផ្លូទាំងនេះបានបែកជាខ្នែងសំខាន់ៗចំនួន២៤៥ខ្សែទៀតនៅទូទាំងក្រុងព្រះសីហនុ។ក្នុងនោះផ្លូវសំខាន់ចំនួន២៨ខ្សែក្នុងក្រុងព្រះសីហនុ ជាផ្លូវសំខាន់ដែលត្រូវតែរកវិធីដោះស្រាយចំពោះមុខដោយត្រូវតែធ្វើការកែលម្អនិងពង្រីកអោយកាន់តែប្រសើរឡើង។

លោក បន្តថាប្រសិនជាយើងអាច កែលម្អ ពង្រីក ផ្លូវចូលក្រុងបន្ថែមទៀតបាននោះ បញ្ហាកកស្ទះចរាចរណ៍ ពេលចូលក្រុងព្រះសីហនុ នឹងកាត់បន្ថយ ផងដែរ។

លោក ZHOU CHUANFA អ្នកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនចិន THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO LTD លើកឡើងថា ៖ពួកគេពេញចិត្តសហការជាមួយខេត្តព្រះសីហនុ លើគម្រោងសាងសង់ផ្លូវនិងលូ។ក្រុមហ៊ុនទាំងនេះមានជំនឿថាពួកគេអាចធ្វើបាន ប្រសិនជាខេត្តព្រះសីហនុ និងរដ្ឋាភិបាលអនុញ្ញាត។តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថាក្រុមហ៊ុនពួគេធ្លាប់មានបទពិសោធក្នុងការសាងសង់ផ្លូវនៅតាមប្រទេសមួយចំនួនក្នុងពិភពលោក។

សូមបញ្ជាក់ថា ក្រុមហ៊ុនចិនទាំង៦ដែលបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាពេលនេះរួមមាន៖

1.THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO LTD

2.CHINA RAILWAY HI-TECH INDUSTRY CORPORATION LIMITED

3.CHINA RAILWAY NO.9 GROUP CO.,LTD

4.CREC TRANSTECH ENGINEERING CORPORATION

5.THE THIRD ENGINEERING .,LTD OF CHINA RAILWAY SEVENTH GROUP

6.CHINA RAILWAY ENVIRONMENT AND TECHNOLOGY ENGINEERING GROUP CO.,LTD

គួរបញ្ជាក់ថាក្នុងចំណោមក្រុមហ៊ុនទាំង៦នេះ ក្រុមហ៊ុន THE OVERSEAS CO.,OF CHINA RAILWAY NO.10 ENGINEERING GROUP CO LTD គឺជាក្រុមហ៊ុនធំជាងគេ ដែលជាក្រុមហ៊ុនរបស់រដ្ឋចិន ចំណែកក្រុមហ៊ុន៥ផ្សេងទៀតគឺជាក្រុមហ៊ុនបុត្រសម្ពន្ធ័ជាមួយគ្នាអមមកជាមួយដែរ។

ឆ្លើយតបចំពោះភាគីក្រុមហ៊ុនទាំងនេះទាក់ទិននឹងការសាងសង់ផ្លូវ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានឯកភាពជាគោលការក្នុងការអនុញ្ញាតអោយក្រុមហ៊ុនទាំងនេះធ្វើការសិក្សាតាមសំណើ គ្រាដែលកន្លងមកមានក្រុមហ៊ុនចិនមួយចំនួនដែរ បានមកសិក្សាស្វែងយល់ក្នុងបំណងវិនិយោគលើការស្តារហេដ្ឋារចនាសម្ព័ន្ធនេះដែរ តែមកដល់ពេលនេះបាត់ដំណឹងឈឹងនៅឡើយ៕(សាវ៉ុន)