កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស នៃអនុគណៈកម្មាធិការ មនុស្សចាស់ថ្នាក់ខេត្ត បាន
អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ (សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ) ក្រោមការរៀបចំរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម ដែលពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំ សាលាក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោកយាយ-លោកតា ជាអតីតមន្ត្រីរាជការ ចំនួន២០០នាក់ ផងដែរ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា សមិទ្ធិផលថ្ងៃនេះ គឺជាស្នាដៃរបស់លោកយាយ-លោកតា ដែលបានខិតខំប្រឹងប្រែង ត្រួសត្រាយ ពីអតីតកាល។
ដោយឯកឧត្តម អភិបាលខេត្ត បានថ្លែងរំលឹកអនុស្សាវរីយ៍ ក្រោយជំនាន់សង្គមរាសនិយម រហូតមកដល់ មុនឆ្នាំ១៩៧៩ រូបលោក គឺជាសមិទ្ធិផល នៃធនធានមនុស្ស ក្រោយឆ្នាំ១៩៧៩ ដែលជាសម័យកាល របស់ លោកយាយ-លោកតា បានចូលរួមបម្រើកិច្ចការប្រទេសជាតិ អមដំណើរ ជាមួយសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន រហូតដល់ឆ្នាំដែលត្រូវចូលនិវត្តន៍ ។ដូច្នេះ អាចនិយាយបានថា បើគ្មានការចូលរួមចំណែក ក្នុងការកសាង ប្រទេសពីសំណាក់ លោកយាយ-លោកតា នៅពេលនោះទេ រូបលោក ក៏មិនបានរៀនសូត្រ ហើយបានចូលបម្រើការងារ រហូត ក្លាយទៅជាអភិបាលខេត្តកំពង់ចាមដូចថ្ងៃនេះដែរ ។
ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្ត តំណាង អោយ ថ្នាក់ដឹកនាំខេត្ត ទាំងអស់ សូមសំដែង នូវការដឹងគុណ ដែលលោកយាយ-លោកតា បានខិតខំប្រឹងប្រែង កសាង នូវគុណប្រយោជន៍ ជាច្រើន ទុកសម្រាប់ ជាធនធានមនុស្ស ជំនាន់ក្រោយ ។ជាមួយគ្នានោះដែរ ក្នុងថ្ងៃទី២៧ កញ្ញា ដែលត្រូវនិងថ្ងៃ កាន់បិណ្យទី៣ ឯកឧត្តម អភិបាលខេត្តកំពង់ចាម រួមជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ចាម បានចែកជូននូវថវិកា និងក្រណាត់ស ជូនលោកយាយ លោកតា ចំនួន២០០នាក់ ក្នុងនោះម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងក្រណាត់ស១ដុំ ផងដែរ។
ក្រោយពីបញ្ចប់ក្នុងពិធីជួបសំណេះសំណាលជាមួយលោកយាយ-លោកតា រួចមក ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះពិនិត្យ និងជូនពរដល់សិស្សានុសិស្ស ដែលបានមកដាក់ពាក្យប្រលងចូលបំរើការក្នុងក្រមខណ្ឌក្រសួងអប់រំយុវជន និងកីឡា ដើម្បីក្លាយជាគ្រូបង្រៀន ដើម្បីលើកស្ទួយវិស័យអប់រំនៅកម្ពុជាឲ្យមានការរីកចម្រើនផងដែរ ៕




































