កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលផ្តល់រង្វាន់ម៉ូតូ ជូនដល់សិស្សនិទេ្ទសA ចំនួន១០រូប នៅក្រុងកំពង់ចាម និងជូនរង្វាន់លើកទឹកចិត្តដល់សិស្សទទួលបានមេដាយ ក្នុងការចូលរួមប្រកួត
នៅសឹង្ហបុរី ព្រមទាំងពិសារអាហារសាមគ្គីជាមួយសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៅវិទ្យាយ័ព្រះសីហនុ។ស្ថិតក្នុងបរិយាកាសដ៏រីករាយនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ឯកឧត្តមពិតជាមោទនភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហើយឯកឧត្តមអភិបាលខេត្ត និងក្នុងនាមប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម រិតតែមានមោទនភាពនោះគឺ ក្រុងកំពង់ចាមទទួលបាននិទ្ទេសAរហូតដល់១០នាក់ ហើយសិស្ស៣រូបទៀត ទទួលបានមេដាយប្រាក់ និងសំរឹទ្ធិ ក្នុងការប្រកួតផ្នែកគណិតវិទ្យានៅលើឆាកអន្តរជាតិ ក្នុងឆ្នាំសិក្សា២០១៧-២០១៨។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ភាពជោគជ័យនេះ កើតចេញពីការកែទម្រង់ប្រកបដោយប្រសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី លើវិស័យអប់រំដែលសិស្ស និស្សិត មានសមត្ថភាព និងឱកាសពេញលេញ ចូលរួមប្រកួតប្រជែងជាមួយនឹងបណ្តាលប្រទេសនានា លើសាកលលោក។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះមាតាបិតា លោកគ្រូអ្នកគ្រូ និងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ផ្គត់ផ្គង់ ជំរុញ លើកទឹកចិត្ត បង្ហាត់បង្រៀន សិស្សានុសិស្សទាំងអស់ រហូតទទួលបានជោគជ័យនាថ្ងៃនេះ។ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តកិច្ចខំប្រឹងប្រែងសិក្សាតទៅទៀត ដើម្បីសម្រេចបាននូវក្តីស្រមៃរបស់ខ្លួននាពេលអនាគត និងបានមករួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដ៏រឹងមាំនេះ។
ក្រោយពិធីសំណេះសំណាលរួច ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្តល់ម៉ូតូជូនសិស្សនិទេ្ទសAក្រុងកំពង់ចាមចំនួន១០នាក់ ក្នុងម្នាក់ៗម៉ូតូ១គ្រឿង សិស្សទទួលបានមេដាយប្រាក់ និងសំរឹទ្ធិ ក្នុងការប្រកួតផ្នែកគណិតវិទ្យានៅលើឆាកអន្តរជាតិចំនួន៣នាក់ ក្នុង១នាក់ថវិកា ២,០០០,០០០រៀល និងលោកគ្រូអ្នកគ្រូជាមន្ត្រីចូលនិវត្តន៍៧២នាក់ក្នុងម្នាក់ៗថវិកា ១០០,០០០រៀល ផងដែរ ៕





































