ពលរដ្ឋគាំទ្រលោកស្រី ឡុច ទូច ដែលត្រូវតុលាការខេត្តព្រះសីហនុ ចាប់ឃុំខ្លួន លើកគ្នាមកតវ៉ានៅសាលាដំបូងជាថ្មី

0

ខេត្តព្រះស៊ីហនុ៖ ក្រុមពលរដ្ឋដែលគាំទ្រលោកស្រី ឡុច ទូច ដែលត្រូវតុលាការខេត្តព្រះសីហនុ ចាប់ឃុំខ្លួនជាច្រើនខែតាមបណ្តឹងអ្នកមានលុយ គឺ លោក ឧកញ៉ា តាន់ តាត់ បានលើកគ្នាមកតវ៉ានៅសាលាដំបូងជាថ្មីទៀតគ្រាដែលតុលាការបើកសវនាការលើសំណុំរឿងនេះ។

នៅព្រឹកថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨ នេះសំលេងស្រែកទ្រហោរយំនៃក្រុមពលរដ្ឋ ប្រមាណ ១៥០នាក់ដែលគាំទ្រ តំណាងរបស់ពួកគេ គឺ លោកស្រី ឡុច ទូច ជាប្រធានសហគមន៍អូរខ្សាច់ មានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅមុខសាលាដំបូងខេត្តព្រះសីហនុ បានបន្លឺឡើងសាជាថ្មីទៀត គ្រាដែល តុលាការខេត្តព្រះសីហនុ បានលើកយកសំណុំរឿងដែលក្រុមពលរដ្ឋថាមានភាពអយុត្តិធម៌ មកបើកសវនាការជំនុំជំរះសេចក្តី នាថ្ងៃនេះបន្ទាប់ពីបានចាប់ដាក់គុកជាច្រើនខែកន្លងទៅនេះ។

បន្ទាប់ពីមានការតវ៉ាជាច្រើនដងរួចមកហើយអោយតុលលាការទំលាក់ចោលការចោទប្រកាន់លើពួកគេទាំង៤នាក់នៅថ្ងៃនេះសវនាការរឿងនេះត្រូវបានតុលាការលើកពេលទៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨វិញ ។យោងតាមការអោយដឹងពីក្រុមអ្នកតវ៉ាដែលជាសមាជិកសហគមន៍អូរខ្សាច់។
ករណីនេះមិនបានទំនាក់ទំនងសុំការបំភ្លីពីអ្នកនាំពាក្យសាលាដំបូងទេ។

ក្រុមពលរដ្ឋបាននាំគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃនេះមានគោលបំណង ដើម្បីស្នើសុំតុលាកាទំលាក់ការចោទប្រកាន់ លោកស្រីឡុច ទូច និងគ្នាគាត់បីនាក់ផ្សេងទៀត ដែលត្រូវបានតុលាការចាប់ដាក់គុកតាមបណ្តឹង លោក តាន់ តាត់ ក្រោមបទចោទ ទន្ទ្រានដីកម្មសិទ្ធនិងស្នើសុំតុលាការជួយរកយុត្តិធម៌ដល់ពួកគេ។

តាមការបញ្ជាក់របស់ លោក ហ៊ូ សុផាត ជាមេភូមិ អោយដឹងថាលោក ស្រី ឡុច ទូច គឺជាប្រជាជនរបស់គាត់ដែលបានមកកាប់ឆ្ការដីនៅចំណុចនេះតាំងពីសម័យខ្មែរក្រហមនៅម្លេះ។លោកមេភូមិលើកឡើងថា៖ឆ្ងល់ណាស់ហេតុអ្វីបានជាមកដល់ពេលនេះបែរជាមានគេមកអះអាងថាមានបណ្ណ័ហើយចាប់ពលរដ្ឋដាក់គុកបែបនេះទៅវិញ?លោក មេភូមិ បញ្ជាក់ថាសម័យឆ្នាំ១៩៩៣/៩៤/៩៥ គ្មានមន្ត្រីរូបណាហ៊ានចូលមកវាស់វែងធ្វើប្លង់ឡើយព្រោះខ្មែរក្រហមនៅទីនោះ។

យោងតាមលិខិតរបស់ក្រសួងកសិកម្មចេញថ្មីនេះបានបញ្ជាក់ថា ទីតាំងដីជាង៨០ហិចតាដែលលោក តាន់ តាត់ កំពុងកាន់កាប់ហើយចាប់ពលរដ្ឋដាក់គុកនេះគឺស្ថិតនៅក្នុងដីគម្របព្រៃពិតប្រាកដ។សូមបញ្ជាក់ថាករណីនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានដាក់លិខិតស្នើទៅសាលាដំបូងខេត្តព្រះសីហនុ សុំដោះលែងពលរដ្ឋទាំងនោះនៅក្រៅឃុំ តបតាមការស្នើសុំរបស់ប្រជាជនជាង៤០០នាក់ ក្រោយពីមានការចាប់ខ្លួនក្រុមពលរដ្ឋទាំងនោះដោយមន្ត្រីអាវុធហត្ថខេត្តព្រះហនុ តាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ អាវុធហត្ថខេត្តព្រះសីហនុ ដែលគេស្គាល់ថាមានទំនាក់ទំនងគ្នាស្និទ្ធជាមួយលោក តាន់ តាត់ តែគ្មានប្រសិទ្ធភាពអ្វីទាំងអស់។
សំណុំរឿងមួយនេះមានមេធាវីជាច្រើននាក់បានចេញមុខជួយការពារក្តីអោយ លោកស្រីឡុច ទូច។
ទោះជាបែបនេះក្តី ក្រុមពលរដ្ឋមានរំពឹងថា តុលាការខេត្តព្រះសីហនុ នឹងជំរះសេចក្តីប្រកបដោយយុត្តិធម៌។