សៀមរាប៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត បានជួបធ្វើការសំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការ អង្គភាពទាំង៦ នៃរដ្ឋបាលសាលាខេត្តសៀមរាប ក្នុង
ឱកាសរដូវកាលដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជំបិណ្ឌ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ពិធីនេះធ្វើឡើងនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ។
ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃមហាគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានមានមតិសំណេះសំណាល ដោយបានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កម្មករ រដ្ឋបាលសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំង មូលទទួលបានសន្តិភាពពេញលេញ និង ធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តម ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ ដែលបានទទួលជ័យលាភី ទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ឆ្នាំ២០១៨.២០២០ ព្រមទាំងទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និង ទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ និង កំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ព្រមទាំងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ និង បងប្អូនមន្ត្រីរាជការ កម្មករ មានភាពប្រសើរឡើង ។ ឯកឧត្តមបណ្ឌិតក៏បានលើឡើងថា នេះជាប្រពៃណី របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរដូវបុណ្យភ្ជំបិណ្ឌ បុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបសំណេះសំណាលជា មួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារៀបច្បង និង បងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា ដើមី្បឲ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមសេចក្តីតម្រូវការ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ក្នុងការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើមី្បឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តាន ដែលបានចែកឋានទៅ តាមរយៈព្រះសង្ឃជាស្រែបុណ្យ ព្រមទាំងសូមឲ្យវិញ្ញាណក្ខ័ន្ធអ្នកទាំងអស់បានទទួល និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ក៏បានធ្វើការ ណែនាំមួយចំនួន និង ផ្តាំផ្ញើដល់មន្ត្រីរាជការ សាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និង ធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការទាំង៦ និង មានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ ក្នុងការសម្រួលដល់ការទំនាក់ទំនង និង ផ្តល់សេវាទាន់ពេលជូនប្រជាពលរដ្ឋ ក្នុងគោលដៅ លុបបំបាត់នូវអំពើ ពុករលួយនៅតាមបណ្តាមន្ទីរ អង្គភាព និង សូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់នៅក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះផងដែរ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូប ដល់បណ្តាទីចាត់ការទាំង៦ និង តំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកម្មករអណ្តែតផងដែរ ៕






































