សៀមរាប៖ កាលពីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និង
សហការី បានជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួន ជាមួយឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋ ទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមអគ្គកុងស៊ុលកូរ៉េប្រចាំខេត្ត សៀមរាប និង សហការី នៅការិយាល័យអគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប នៃសណ្ឋាគារសុខាសៀមរាប ។
ក្នុងកិច្ចពិភាក្សានោះ ឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានផ្ដោតយ៉ាងសំខាន់ទៅលើគម្រោងផ្លូវវាងក្រុង ចាប់ពីចំណុច ភូមិសាស្ត្រស្រុកប្រាសាទបាគង ទៅកាន់ស្រុកពួក ក្នុងការបម្រើ និងបញ្ជៀសរថយន្តធំៗផ្ទុកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ក្នុងក្រុងប្រវត្តសាស្រ្តយើងនេះ ព្រមទាំងលើកឡើងពីវិស័យអប់រំសិក្សា វិស័យសុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈលើបច្ចេកទេស សំខាន់លើការងារកសិកម្ម ដើមី្បធ្វើការធានាឲ្យបានទាំងគុណភាព ត្រូវតាមស្តង់ដាក្នុងការផលិត វិចខ្ចប់ ព្រមទាំងជម្រុញលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ ។ ឯកឧត្តម អូ ណាក់យ៉ុង ក៏បានគូសបញ្ជាក់ចំពោះអាជ្ញាធរ នូវរាល់គម្រោងការសិក្សាសាងសង់ផ្លូវវាងក្រុងបានរួចរាល់ សូម ឲ្យប្រញាប់ដាក់ចូលទៅស្ថានទូតកូរ៉េ ដើមី្បធ្វើជាកញ្ចប់ ដាក់ជូនទៅរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ពិនិត្យ និង សម្រេច ។ ឯកឧត្តមក៏បានឲ្យដឹងផងដែរថា គម្រោងបើរដ្ឋាភិបាលកូរ៉េសម្រេចនៅឆ្នាំ២០១៩ និង ចាប់ដំណើរការ ស្ថាបនាសាងសង់នៅដើមឆ្នាំ២០២០ ។ ក្នុងនោះដែរឯកឧត្តអគ្គរដ្ឋទូត ក៏បានលើកផងដែរ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព និងខេត្តសៀមរាប គឺកាន់តែធ្វើការពង្រឹងឡើងថែមទៀត នៃចំណង មិត្តភាពប្រទេសទាំងទ្វេរឡើង ។ កិច្ចពិភាក្សានេះ ក្នុងគោលបំណងជម្រុញលើកកម្ពស់ ការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេឡើង ។
មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិ ការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព សំខាន់ទីក្រុងស៊ូវ៉ុន បានធ្វើកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ទទួលបានលទ្ធផល ជាផ្កែផ្កា ដោយបានបង្កើតនូវភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម និង បង្កើតនូវសាលាអនុវិទ្យាល័យ ជូនដល់កូនចៅប្រជាជន ក្នុងតំបន់នោះបានសិក្សារៀនសូត្រ ក្នុងការកាត់បន្ថយអត្រាសិស្សបោះបង់ចោលការសិក្សាទៀតផង ។ ឯកឧត្តម បណ្ឌិតក៏បានបញ្ជាក់ជូនឯកឧត្តមអគ្គរដ្ឋទូត អំពីគម្រោងការសាងសង់ផ្លូវវាងក្រុងនេះ ត្រូវបានមន្ទីរជំនាញ និង ក្រុម ការងារក្រសួង ក្រុមហ៊ុន បានធ្វើការសិក្សារយៈពេល២ឆ្នាំ បានរួចរាល់ ព្រមទាំងបានដាក់ជូនទៅក្រសួង ដើមី្បធ្វើ ការពិនិត្យដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលសម្រេចលើគម្រោងនេះ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរ អំពី បញ្ហាប្រឈមមួយចំនួន ក្នុងការបង្កើតភូមិបាននោះ គឺត្រូវទាមទារបំពេញនូវតម្រូវការរបស់ប្រជាជន នូវផ្លូវ ទឹក ភ្លើង ដែលជាកត្តាចំបងរបស់បងប្អូន ។ ម៉្យាងទៀតអាជ្ញាធរក៏បានធ្វើការរៀបចំនូវក្រវ៉ាតបៃតង នៅតាមបណ្តាស្រុកជាប់ ជុំ វិញក្រុង ក្នុងការទ្រទ្រង់លើវិស័យកសិកម្ម ដើមី្បផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងទីផ្សារផងដែរ ។
ឯកឧត្តមបណ្ឌិត ក៏បានលើកនូវសំណូមពរមួយចំនួនដល់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការជួយ និងស្វែងរកដៃគូអ្នកវិនិយោគទុនលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ជនជាតិកូរ៉េឲ្យមកកាន់ខេត្តសៀមរាប ដែលជាខេត្តទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ៕




































