ក្រុមការងារខេត្ត អញ្ជើញកាន់បិណ្ឌទី៩ នៅវត្តប្រាសាទគោកច

0

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា គ.ស២០១៨ លោកជំទាវ យូ សុភា អនុប្រធានក្រុមការងារចុះជួយសង្កាត់គោកចក ក្រុងសៀមរាប រួមទាំងអស់លោក លោកស្រី ជាសមាជិកក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញកាន់បិណ្ឌទី៩ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ។
ក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត នារសៀលថ្ងៃ ៨រោចខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ និង ក៏មាន ការនិមន្តព្រះសង្ឃសម្តែងព្រះធម៌ទេសនា ដែលទាក់ទងទៅនឹងពុទ្ធប្រវត្តិ អំពីពិធីបុណ្យកាន់បិណ្ឌ ឬ ភ្ជំបិណ្ឌ ដែលបង ប្អូនប្រជាពុទ្ធបរិ ស័ទ កាន់ព្រះពុទ្ធសាសនា បានគោរពបដិបត្តិតាំងពីសម័យកាលតរៀងមកដល់បច្ចុប្បន្ន ។ ពិធីបុណ្យកាន់បិណ្ឌត្រូវបានបុរាណាចារ្យរាជបណ្ឌិតខ្មែររៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ០១ រោចដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ ។ តាមការបញ្ជាក់ របស់តាអាចារ្យបានឲ្យដឹងថា ក្នុងជំនឿកាន់បិណ្ឌនេះត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ ។
មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ លោក សុខ ថុល នាយករងរដ្ឋបាលខេត្ត ក៏បានគណនាខ្លឹមសារនយោបាយ ជុំវិញលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦យ៉ាងដូច្នេះ នៅក្នុងឱកាសនៃការជួបជុំជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ ដែលមានសទ្ធាចូលរួមកាន់បិណ្ឌវេនទី៩នេះ។ ជាមួយនឹងសេច ក្តីថ្លែងអំណរគុណ ជូនចំពោះបងប្អូនប្រជារាស្រ្តជាម្ចាស់សន្លឹកឆ្នោត លោកជំទាវបានគូសបញ្ជាក់បន្ថែមថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមល្អ គឺ ជាកត្តារួមផ្សំបន្ថែម ជម្រុញឲ្យមានការរីកចម្រើនលើគ្រប់ វិស័យ ក្នុងនេះវិស័យទេសចរណ៍គឺជាផ្នែកមួយនៃដង្ហើមសេដ្ឋកិច្ចជាតិ និងជាវិស័យសក្តានុពលមួយដ៏សំខាន់ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ។
បន្តមកមន្ត្រីរាជការ និង បងប្អូនពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែលលោកជំទាវ និង សមាជិក ក្រុមការងារ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃ នេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ។
ទេយ្យទាន និងទេយ្យវត្ថុ ដែលបានវេប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌទី៩ នៅវត្តប្រាសាទគោកចក នាពេលនោះមាន អង្ករ១៥០គីឡូក្រាម, មី០៥កេស, ទឹកសុទ្ធ០៥កេស, ទឹកក្រូច០៥កេស, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យូរ, ស្ករស១០គីឡូក្រាម, តែ ៣គក្រ ទឹកដោះគោ ១កេស ទៀន ធូប និងបច្ច័យ ចំនួន ២លាន៥០ម៉ឺនរៀល ដើមី្បតម្កល់ទុកសម្រាប់ការកសាងទីវត្តប្រាសាទគោកចក ព្រមទាំងសីលវ័ន្ត សីលវត្តី ម្នាក់ៗ ក្រណាត់ស១ដុំ ប្រាក់១ម៉ឺនរៀល ៕