កំពង់ចាម: ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃឈរ ដែលមានទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថ បញ្ជាការដ្ឋានផ្នែកសឹករង និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះបង្ក្រាបបទល្មើសជលផល ដោយរឹបអូសបាននូវឧបករណ៍ខុសច្បាប់ជាច្រើនដុតបំផ្លាញចោល និងធ្វើការរំដោះកូនត្រីចម្រុះចាក់ព្រលែងចូលក្នុងបឹងធម្មជាតិវិញផងដែរ។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានការប្រើប្រាស់នូវឧបករណ៍ហាមឃាត់ក្នុងការធ្វើនេសាទនោះ កម្លាំងរដ្ឋបាលជលផល បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងរដ្ឋបាលជលផល រួមនឹងអាជ្ញាធរមូលដ្ឋានស្រុកព្រៃឈរ បានចុះបង្ក្រាបបទល្មើសជលផលចំនួន០១ករណី នៅចំណុចគ្របបាយ ជាប់ជ្រោយបឹងកេះ ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកនាយខណ្ឌរដ្ឋបាលជលផល បានបន្តថា ក្នុងការបង្ក្រាបនេះសមត្ថកិច្ច បានដកហូតនូវឧបករណ៍បទល្មើស ដុតបំផ្លាញចោលនោះរួមមាន លូស្បៃមុងចំនួន២៥មាត់ របាំងស្បៃមុងប្រវែង១២៥០ម៉ែត្រ និងបង្គោលចម្រឹងឫស្សីចំនួន៥១០ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះទម្ងន់១២៥គីឡូក្រាមចូលបឹងធម្មជាតិផងដែរ ៕