នៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៨ ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីរាជការ ដែលមានបរិស្ថានខេត្ត អាជ្ញាធរក្រុង កងកម្លាំងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ចូលរួមសំអាតអនាម័យ បរិស្ថាននៅឆ្នេរអូរឈើទាល ក្រោយមានកំប្លោកនិងឫសរុក្ខជាតិសមុទ្រអណ្តែតមកទើលើឆ្នេរនានាក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ពន្យល់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកំទេចកំប្លោក និងសំរាមឫសរុក្ខជាតិមួយចំនួនបានរសាត់អណ្តែតលើផ្ទៃសមុទ្រ ស្ទើរគ្រប់ទីកន្លែង រួចក៍មានការរសាត់អណ្តែតមកទើលើឆ្នេរនានាក្នុងខេត្តមានដូចជាឆ្នេរអូរឈើទាល ឆ្នេររាម និងនៅកោះរ៉ុងជាដើម ធ្វើអោយបាត់បង់សោភណ្ឌ័ភាពតំបន់ឆ្នេរ។
ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រី និងបុគ្គលិកផ្នែកសំអាត ចុះទៅកើបប្រមូលយកកំទេចសំរាមទាំងអស់ដើម្បីសំអាតឆ្នេរខ្សាច់អោយស្អាតឡើងវិញ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោកនិងឫសរុក្ខជាតិផ្សេងៗមួយចំនួនទៀត ដែលឯកឧត្តមអភិបាលខេត្តសង្សយ័ថា កំប្លោកទាំងអស់នេះ មានប្រភពមកពីប្រទេសវៀតណាមដែលទំនងជាហូរតាមព្រែកចូលសមុទ្រហើតរសាត់អណ្តែតមកដល់ឆ្នេរសមុទ្រខ្មែរយើង។
ទោះជាយ៉ាងនេះក្តី រដ្ឋបាលខេត្តកំពុងស្រាវជ្រាវ ករណីនេះបន្ថែមទៀត។ជាមួយគ្នានេះឯកឧត្តមយន្ត មីនក៏បានអំពាវនាវដល់អាជីវករ និងពលរដ្ឋដែលមានអាជីវកម្មក្បែរឆ្នេរ ចូលរួមស្រង់កំប្លោកនិងឫសរុក្ខជាតិដែលរសាត់មកលើឆ្នេរទាំងអស់ រួមជាមួយរដ្ឋបាលខេត្តដើម្បីសំអាតបរិស្ថានឆ្នេរសមុទ្រអោយ ស្អាត ដូចដែលធ្លាប់បានធ្វើកន្លងមក។
សូមបញ្ជាក់ថា សំណល់កំប្លោកដែលរសាត់អណ្តែតមកកកតាមឆ្នេរដែលប្រជាពលរដ្ឋមួយចំនួនបានសរសេរសាររិះគន់កន្លងមកនេះ រដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសំអាតរួចរាល់អស់ហើយ។
ឆ្លៀតក្នុងឱកាសនោះផងដែរ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់អាជីវករលក់ដូរ សូមចូលរួមសំអាតអនាម័យបរិស្ថានឆ្នេរសមុទ្រឱ្យបានល្អ ដើម្បីរួមចំណែកថែរក្សាការពារឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុយើង៕