ជលផល​ខេត្ត​កំពង់ចាម​ បំផ្លាញ​ចោល​ឧបករណ៍​បទល្មើស​នេសាទ​ជាង​៤ពាន់​ម៉ែត្រ​ និង​ចាក់​ព្រលែងកូនត្រី​ជិត​១តោន​

0

កំពង់ចាម​:​ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាននគរបាលស្រុកបាធាយ និង​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រប់ នាព្រឹក​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៨នេះ​ បានចុះបង្ក្រាបបទល្មេីលជលផលបានចំនួន០៤ករណី​ ដោយបំផ្លាញចោល​នូវ​ឧបករណ៍​បទល្មើស​នេសាទ​ជាង​៤ពាន់​ម៉ែត្រ​ និង​ចាក់​ព្រលែងកូនត្រី​ចម្រុះ​ទម្ងន់​ជិត​​១ពាន់​គីឡូក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​ផង​ដែរ​។
លោក​អ៊ុក​ ណារិន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ ដែល​បាន​ដឹកនាំ​ប្រតិបត្តិការណ៍​នេះ​បាន​ឲ្យដឹងថា​ ការចុះ​បង្ក្រាប​នេះ​កម្លាំង​ចម្រុះ​ បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ ​ដោយ​ករណីទី១​ បាន​ធ្វើ​ឡើង​នៅចំណុចស្រះហុីង ឃុំត្រប់ ស្រុកបាធាយ​ រឹបអូស​បាន​លូស្បៃមុងចំនួន៤៤មាត់​ របាំងស្បៃមុងប្រវែង២២០០ម៉ែត្រ​ និង​បង្គោលចម្រឹងចំនួន៦៦០ដេីម​ ព្រមទាំង​ចាក់លែងកូនត្រីចម្រុះទម្ងន់៦៧៥ គីឡូក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​។ ករណីទី២​ បាន​ធ្វើ​ឡើងនៅចំណុចគោកសំរោង ឃុំត្រប់ ស្រុកបាធាយ​ រឹបអូស​បាន​​លូស្បៃមុងចំនួន១៧មាត់​ របាំងស្បៃមុងប្រវែង៨៥០ម៉ែត្រ​ និង​បង្គោលចម្រឹងចំនួន២៥៥ដេីម​ ព្រមទាំង​ចាក់លែងកូនត្រីចម្រុះទម្ងន់៨៥ គីឡូក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​។​ ករណីទី៣​ បាន​ធ្វើ​ឡើង​ចំណុចបឹងក្រសា ឃុំត្រប់ ស្រុកបាធាយ​ រឹបអូស​បាន​លូស្បៃមុងចំនួន១៦មាត់​ របាំងស្បៃមុងប្រវែង៨០០ម៉ែត្រ​ និង​បង្គោលចម្រឹងចំនួន២៤០ដេីម​ ព្រមទាំង​ចាក់លែងកូនត្រីចម្រុះទម្ងន់៤៨ គីឡូក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​។ និង​ករណីទី៤បាន​ធ្វើ​ឡើង​នៅចំណុចទួលឬស្សីច្រាញ់ ឃុំត្រប់ ស្រុកបាធាយ​ រឹបអូស​បាន​លូស្បៃមុងចំនួន៣២មាត់​ របាំងស្បៃមុងប្រវែង៣២០ម៉ែត្រ​ និង​បង្គោលចម្រឹងចំនួន៣២០ដេីម​ ព្រមទាំង​ចាក់លែងកូនត្រីចម្រុះទម្ងន់៩៦ គីឡូក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​ផង​ដែរ​។
លោក​អ៊ុក​ ណារិន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ បាន​បន្ត​ទៀត​ថា​ ក្នុង​ប្រតិបត្តិការណ៍​បង្ក្រាប​ទាំង​៤ករណី​នេះ​ កម្លាំង​ចម្រុះ​ធ្វើ​ការ​រឹបអូស​បាន​ លូស្បៃមុងចំនួន១០៩មាត់​ របាំងលូស្បៃមុងប្រវែង៤១៧០ម៉ែត្រ​ និង​បង្គោលចម្រឹងចំនួន១៤៧៥ដេីម​ ព្រមទាំង​បាន​ចាក់លែងកូនត្រីម្រុះទម្ងន់៩០៤គីឡូក្រាម​ ចូលក្នុងបឹងធម្មជាតិវិញ​ ដោយ​ឡែក​ឧបករណ៍​បទល្មើស​ទាំង​នោះ​ ត្រូវ​បាន​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល​នៅនឹង​កន្លែង​តែ​ម្ដង​ ៕