សៀមរាប៖ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៨ ក្រុមប្រឹក្សានិស្សិតអាស៊ានមកពីប្រទេសជប៉ុន ហៅកាត់ថា ASCOJA ចំនួន៣៥០នាក់ បាននាំគ្នាដាំកូនឈើជាង៣០០ដើមនៅមុខប្រាសាទបន្ទាយក្តី ក្រោមការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា និងក្រសួងបរិស្ថាន ដើម្បីជាសួនអនុស្សាវរីយ៍ក្នុងឱកាសនៃសន្និបាតលើកទី២៤ នៃ ASCOJAនៅខេត្តសៀមរាប។
លោក វុទ្ធី មុនីរ័ត្ន ប្រធានសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន ( JAC ) បានថ្លែងថា ព្រឹត្តិការណ៍ដាំដើមឈើនៅក្នុងតំបន់អង្គរនេះ នឹងជួយពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងបណ្តាប្រទេសអាស៊ាន និងជប៉ុន ក៏ដូចជាបានជួយផ្តល់ភាពបៃតងដល់ភពផែនដីថែមទៀត។
ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ក្នុងឱកាសនៃពិធីដាំកូនឈើនេះថា ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាពិតជាស្វាគមន៍យ៉ាងកក់ក្តៅបំផុតសម្រាប់ដំណើរស្វែងយល់ពីអារ្យធម៌អង្គររបស់ក្រុមប្រឹក្សានិស្សិតអាស៊ានមកពីប្រទេសជប៉ុន ជាពិសេស គឺការចូលរួមដាំកូនឈើ ដែលជាការរួម ចំណែកលើកតម្លៃទេសភាពវប្បធម៌អង្គរ ក៏ដូចជា ភាពបៃតងនៃភពផែនដីនៅលើទឹកដីអង្គរ។
ឯកឧត្តមបញ្ជាក់ថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរាបានដាំកូនឈើរាប់ម៉ឺនដើមបន្ថែម និងថែរក្សាព្យាបាលដើមឈើធំៗដែលមានអាយុកាលរាប់រយឆ្នាំជាប្រចាំ។ ក្រៅពីនេះ អាជ្ញាធរជាតិអប្សរាក៏បានចែកចាយកូនឈើរាប់ម៉ឺនដើមទៅស្ថាប័នរដ្ឋ និងស្ថាប័នឯកជន វត្តអារាមជារៀងរាល់ឆ្នាំ ជាដើម ដើម្បីរួមចំណែកក្នុងការការពារបរិស្ថាន។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីដាំនេះបានបញ្ជាក់ថា កម្មវិធីដាំដើមឈើនៅថ្ងៃនេះ ជាការល្អប្រសើរបំផុត បង្ហាញពីការខិតខំប្រឹងប្រែង រឹតចំណងសាមគ្គីភាពជាមួយគ្នារវាងកម្ពុជា និងជប៉ុន ក៏ដូចជាអាស៊ាននិងជប៉ុន ហើយបានស្វែងយល់ពីតំបន់ធម្មជាតិប្រវត្តិសាស្រ្ត សម្បត្តិបេកភណ្ឌរបស់ពិភពលោកផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានរំឭកពីកិច្ចការអភិរក្សតំបន់រមណីដ្ឋានធម្មជាតិប្រវត្តិសាស្រ្តអង្គរ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់នេះ។ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបាននាំយកនូវសុខសន្តិភាពជូនប្រទេស ហើយបង្កើតឱ្យមានឱកាសក្នុងការអភិរក្ស និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ តាមរយៈគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) និងការរីកចម្រើននៃវិស័យទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់រឹងរាវ សំរាម និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះឱ្យបានគង់វង្ស ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិផ្សេងៗ និងទប់ស្កាត់បង្ក្រាបការបរបាញ់ ការជួញដូរសត្វ និងសាច់សត្វដោយខុសច្បាប់៕





































