ខេត្តរតនគិរី÷ សិក្ខាសាលាមួយស្តីពី ការជម្រុញការអនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦- ២០៣០ ក្នុងក្របខណ្ឌ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រូវបានក្រសួង ផែនការរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកទួន ថាវីរៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីផែនការនិងលោក យឹម ផែន អភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាល នៃគណ:អភិបាលខេត្ត។
សិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរអង្គភាព មកពីខេត្តក្នុងភូមិភាគឥសានទាំង៥ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី សរុបប្រមាណជិត២០០ នាក់ ។
សិក្ខានេះមានគោលបំណងជម្រុញការ អនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ ក្នុងក្របខណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាអោយកាន់តែមានប្រសិទ្ធិភាពតាមរយៈការបញ្ជ្រាបការយល់ដឹងអោយទូលំទូលាយដល់អ្នកមានចំណែកពាក់ពន្ធទាំងអស់ព្រមទាំងសង្គមស៊ីវិលអំពីទស្សនៈវិស័យ យុទ្ធសាស្រ្ត ផែនការ គោលនយោបាយជាតិ និងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលដោយផ្សារភ្ជាប់ទៅនិងបញ្ហាប្រជាជននិង ការអភិវឌ្ឍន៍រួមមាន បញ្ហាបម្រែបម្រួល ប្រជាសាស្រ្ត បញ្ហាមនុស្សចាស់ បញ្ហាទេសន្តរប្រវេសន៍នឹងនគរូបនីយកម្ម បញ្ហាយុវជននឹងការអប់រំ និងបញ្ហាសុខភាព និងបន្តពូជរបស់យុវវ័យ ។
បន្ទាប់ពីលោក យឹម ផែន អភិបាលរងខេត្តមានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនពី ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពភូមិសាស្រ្ត និងស្ថានភាពរបស់ប្រជាពលរដ្ឋរួចមក លោក ទួន ថាវីរៈ រដ្ឋលេខាធិការកក្រសួងផែនការ បានមានប្រសាសន៍ថា ប្រជាជនគឺជា មធ្យោបាយនៃការអភិវឌ្ឍផង ជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង និងឈរលើទស្សន បរិយាប័ន្នក្នុងស្ថានភាពសង្គមសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន គោលនយោបាយជាតិ ប្រជាជនឆ្នាំ ២០៣០ ត្រូវបានធ្វើបច្ចុប្បន្នកម្មជាគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ ដើម្បីឆ្លើយតបទៅនិងបម្រែបម្រួលសង្គមសេដ្ឋកិច្ចនិងសង្គមប្រជាសាស្រ្ត ដែរកម្ពុជាបាននឹងកំពុងឆ្លងកាត់ដើម្បីឆ្លើយតបទៅនិងភាពចាំបាច់ក្នុងការដាក់បញ្ចូលបញ្ហា ប្រជាជនទៅក្នុងផែនការអភិវឌ្ឍសំដៅធានាបានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច មានសន្ទុះ លឿនជាមុន និងប្រកបដោយចីរភាពដែរជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើ អោយប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន ។
លោករដ្ឋលេខាធិការមានជំនឿយ៉ាងមុតមាំថា តាមរយៈបទបង្ហាញរបស់មន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍអំពីការជម្រុញការអនុវត្តគោលនយោបាយ ជាតិប្រជាជនជាតិឆ្នាំ២០១៦-២០៣០ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងផ្តល់ពុទ្ធិសំខាន់ៗដល់សិក្ខាកាមទាំងអស់ដើម្បីជាទុនបន្ថែមសម្រាប់ការងារ ការរៀបចំ គ្រួសារ និងការរស់នៅរបស់ខ្លួនអោយបានរុងរឿងនៅក្នុងសង្គមកម្ពុជាដែលពោរពេញ ដោយសន្តិភាពនិងការរីកចម្រើនឥតឈប់ឈរ ៕ យក្ខឡោម





































