ព្រះវិហារ: នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នេះឯក
ឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពិលីបញ្ចុះបឋមសិលា សាងសង់អាគារសាលប្រជុំថ្មី១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនិងសប្បុរសជន។
ពិធីនេះធ្វើឡើង នៅក្នុងបរិវេណទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការចូលរួមពីសំណាក់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង និងបណ្ដាជំនាញកងឯកភាពចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងទទួលការងារវិស្វកម្ម បានឲ្យដឹងថា អាគារសាលប្រជុំថ្មី១ខ្នងនេះ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿង មានទទឹង១៦ម៉ែត្រ បណ្តោយ៤៥ម៉ែត្រកន្លះ និងកំពស់១៥ម៉ែត្រ ដោយចំណាយថវិការសម្រាប់សាងសង់អស់ប្រមាណជាង២០ម៉ឺនដុល្លាអាមេរិច ជាអំណោយដ៏ថ្លៃថ្លារប់សម្តេចអគ្គមហាសេនាបតីតេជោ និងសប្បុរសជន៕សួនលីណា








































