កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រូវបានមន្រ្តីរាជការ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ កោតសរសើរ ពីសកម្មភាពមនុស្សធម៌ ដោយបានយកចិត្តទុកដាក់ ទៅលើអតីតយុទ្ធជន យុវជនពលីនិងប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក រហូតមានឈ្មោះជា បុរសបេះមនុស្សធម៌ ដែលបានធ្វើសកម្មភាពគ្រប់បងប្អូនប្រជាពលរដ្ឋ ដែលទីទ័លក្រ ដោយមិនរើសរអើង និងមិនប្រកាន់នាន្និការនយោបាយ និងមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយមិនបានដឹងលឺពីអាជ្ញាធរនោះឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃ២៩ ខែតុលា ឆ្នាំ ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឆ្លៀតឳកាសយកថ្ងៃសម្រាក មកចុះសួរសុខ ទុក្ខប្រជាពលរដ្ឋទីទ័លក្រមួយគ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត ជាមួយនឹងសហការី រួមជាមួយអាជ្ញាធរដែនដី ដែលរស់នៅ ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
អ្នកស្រី ជា រី អាយុ ៥៤ ឆ្នាំ ត្រូវបានស្វាមីស្លាប់ចោលដោយត្រូវខ្យល់ព្យុះរំលំផ្ទះសង្កត់លើ បណ្តាលឲ្យបែកក្បាល និងបាក់ជើង កាលពីឆ្នាំ២០១៥ ហើយត្រូវបន្តព្យាបាលដល់ឆ្នាំ២០១៧ ទើបទទួលមរណភាព ក្រោយពេលទទួលមរណភាព ស្វាមីគាត់បានបន្សល់មតតកឲ្យគាត់សម្រាប់សងថ្លៃជំពាក់មីក្រូហិរញ្ញវត្ថុឯកជនក្នុងមួយខែ ចំនួន ៣០០,០០០ រៀល ថែមទាំងចិញ្ចឹមចៅកំព្រា ០១ នាក់ រស់នៅក្នុងខ្ទមកំសត់បែកបាក់ដំបូលប្រក់ស្លឹកត្នោតធ្លុះធ្លាយ បានប្រកបរបរដើរត្រកួនលក់ និងជួយលក់ឥវ៉ាន់ឲ្យគេ មួយថ្ងៃ ៥,០០០ រៀល ។
អ្នកស្រីមានកូនចំនួន ០៥ នាក់ កូន ០៤ នាក់ មានគ្រួសារមិនដឹងជាទៅរស់នៅទីណា មិនដែលមកជួបមុខម្តាយឡើយ រីឯកូនស្រី ០១ នាក់ទៀត កំពុងធ្វើការនៅរោងចក្រនៅរាជធានីភ្នំពេញ ជួនកាលបានផ្ញើប្រាក់មកគាត់ ១០០$ តែខែខ្លះមិនបានផ្ញើ ត្រូវបង្ខំឲ្យគាត់ខិតខំរកប្រាក់ដោយស៊ីឈ្នួលគេផ្សេងៗ ដើម្បីបានប្រាក់មកសងធានាគារ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវអំណាចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនគាត់នូវ ÷ អង្ករ ៥០ គ.ក្រ ,មីយើង ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ និងថវិកា ចំនួន ១០០,០០០ រៀល ។
អ្នកស្រី ជា រី និងអាជ្ញាធរដែនដី រួមទាំងប្រជាពលរដ្ឋអបអរសាទរ និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត គ្រប់ទិសទី ទីណាមានទុក្ខលំបាក ទីនោះគឺមានក្រុមការងាររបស់សម្តេចចុះជួយប្រជាពលរដ្ឋទីទ័លក្រគ្រប់ពេលវេលា និងសូមឲ្យសម្តេចជួបតែសេចក្តីសុខសេចក្តីចំរើន និងសុខភាពមាំមួន បន្តដឹកនាំប្រទេសជាតិឲ្យមានភាពរីក ចំរើនបន្តទៀត ។
ដោយ ប៊ុន រដ្ឋា




































