តាកែវ ៖ បុរស២នាក់ដែលគេស្គាល់ថាសុទ្ធសឹងជាអ្នកជក់ចិត្តនិងស្រាសមិនលោះថ្ងៃនោះបានបបួលគ្នាភ្នាល់ផឹកស្រាសរកអ្នក
ខ្លាំងអ្នកខ្សោយឲ្យដឹងម្តង ទីបំផុតមានម្នាក់បានស្លាប់នៅនឹងកន្លែងរីឯម្នាក់ទៀតបានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែេវ។ លោកជា សុផាត អធិការនគរបាលស្រុកកោះអណ្តែតបានអោយដឹងថា ជនរងគ្រោះទាំង២នាក់ដែលភ្នាល់គ្នាផឹកស្រាសនេះមានឈ្មោះ ញ៉ាញ់ ហេន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិតាហៀន ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត បានស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតមានឈ្មោះ ទូច តេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃបាយ ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត បានសន្លប់និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ លោកអធិការនគរបាលស្រុកបានបន្តទៀតនៅពេលទៅដល់កន្លែងកើតហេតុសួនាំសាក្សីបាននិយាយថា មុនពេលហេតុខាងលើជនរងគ្រោះទាំង២នាក់បានបបួលគ្នាភ្នាល់ផឹកស្រាសដើម្បីរកអ្នកខ្លាំង ទីបំផុតពួកគេម្នាក់ៗបានផឹកអស់ស្រាចំនួន២លីត្រ។ ក្រោយពីផឹកស្រាសអស់២លីត្រហើយឈ្មោះ ញ៉ាញ់ ហេន បានស្លាប់នៅកន្លែងកើតហេតុនិងឈ្មោះ ទូច តេង បានសន្លប់និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាមតែម្តងទៅ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថាសពជនរងគ្រោះដែលស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាប្រពៃណីិ ។




































