អភិបាល​ខេត្ត​កំពង់ចាម​ អញ្ជើញ​ចូលរួមពិធីបិទបញ្ចប់គម្រោងស្តីពីការលើកកម្ពស់​ ការចូលរួមរបស់យុវជន​ ក្នុងការអនាម័យសំរាមនៅទីសាធារណៈ​ ក្នុងក្រុងកំពង់ចាម

0

កំពង់ចាម​: ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និង​ឯកឧត្ដម​ សុះ​ មូស៊ីន​ សមាជិករដ្ឋសភា​ និងជាអនុប្រធាន​ ស.ស.យ.ក​ តំណាង​ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​គណៈកម្មការ​ទី៧​ នៃ​រដ្ឋសភា​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​អញ្ជើញជា​គណៈ​អធិបតីក្នុងពិធីបិទបញ្ចប់គម្រោង​ ស្តីពីការចូលរួមរបស់យុវជន​ ​ក្នុងការងារអនាម័យសំរាម​ នៅទីសាធារណ:ក្នុងក្រុងកំពង់ចាម​។ ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​សាលសន្និសីទ​សាលា​ខេត្ត​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯកឧត្ដម​ លោ​ជំទាវ​ លោក​ លោកស្រី​ ប្រធាន​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ និង​ប្អូនៗ​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ជាច្រើនរូប​ផង​ដែរ​។ ​

ថ្លែង​ក្នុង​ពិធី​នោះ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ បាន​លើក​ឡើង​​ថា​ ការ​ទុកដាក់​សំរាម​ សំណល់​រឹង​ នៅតែ​ជា​បញ្ហា​សង្គម​នៅឡើយ​ ដូច្នេះ​យុវជន​យើង​ និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ចាម​ ត្រូវ​តែ​ចូលរួម​កាន់​តែ​ខ្លាំង​ ដើម្បី​អប់រំ​ ណែនាំ​ ផ្សព្វផ្សាយ​ និង​បង្ហាញ​ភាព​ជា​គំរូ​ ស្តីពី​ការ​ទុកដាក់​សំរាម​ សំណល់​រឹង​ជាសាធារណៈ​ ក្នុង​ក្រុង​កំពង់ចាម​ ដើម្បីឲ្យក្រុងកំពង់ចាម​ ទាំងមូលមានសោភណ្ឌភាព​ល្អ។
ឯកឧត្ដម​ ​អភិបាលខេត្ត​ បាន​ថ្លែង​​បន្ត​ទៀត​ថា​ ការរួមចំណែកក្នុងសកម្មភាពរបស់យុវជន ជាពិសេស សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្នុងការងារអនាម័យ​សំរាម​ក្នុងក្រុងកំពង់ចាម​ រយៈពេលកន្លងមក គឺពិតជាការចូលរួមចំណែកយ៉ាងសកម្មមួយ​ ក្នុងការ​បញ្ជ្រាបការយល់ដឹងអំពីអនាម័យ​សំរាម​ ការលើកកំពស់បរិស្ថាន និងសោភណ៌ភាពរបស់ទីក្រុងយើង ដែលទទួលបានជ័យលាភីផ្ការំដួល៣ទង​ ​នាពេល​កន្លងមក។

ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​ អភិបាលខេត្ត​ ក៏បាន​សម្ដែង​ការ​ជឿជាក់​និង​សង្ឃឹមថា យុវជនទាំងអស់នឹងបន្តអនុវត្តសកម្មភាពនេះ​ ឲ្យ​កាន់​តែផុសផុល និងចូលរួមបណ្តុះគំនិតស្មារតីប្រជាពលរដ្ឋយើង​ ឲ្យ​ចេះទុកដាក់ វេចខ្ជប់​សំរាម​ឲ្យ​បានត្រឹមត្រូវ នៅតាមទីសាធារណៈ ដើម្បីផ្លាស់ប្តូរនូវឥរិយាបថអសកម្ម មកជាមានទំនូលខុសត្រូវចំពោះ​សំរាម​ ដែលកើតចេញពីសកម្មភាពរបស់ពួកគាត់ផ្ទាល់​ ផង​ដែរ​ ៕