នារី​ម្នាក់​លួច​លុយ​និង​ទូរស័ព្ទ​របស់​បុរស​ជ​ន​ជាតិ​បរទេស​បន្ទាប់ពី​រួមមេត្រី​រួច ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​លុយ​និង​ទូរស័ព្ទ​ពី​ជនបរទេស​ម្នាក់​រយៈពេល​ជិត​២​ខែ ហើយ​ត្រូវបាន​បុរស​ជនជាតិ​បរទេស​នោះ​ប្រទះឃើញ​ក៏​ឃាត់ខ្លួន​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២៦​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្ទះសំណាក់ រ៉ាវុធ តាម​បណ្ដោយ​ផ្លូវ​លេខ​១១១ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​
​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២​ខែ​ឧសភា​ឆ្នាំ​២០១៤​កន្លងទៅ នារី​ជា​ជនសង្ស័យ​បាន​កំពុង​ដើរ​តាមផ្លូវ ហើយ​បុរស​ជនជាតិ​បរទេស​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង បានឃើញ​នារី​សង្ស័យ​ក៏​ឈប់​និយាយ​គ្នា បន្ទាប់មក​ក៏​ត្រូវរ៉ូវ​គ្នា រួច​ក៏​ធ្វើដំណើរ​មក​ផ្ទះ​ណាក់ រ៉ាវុធ ក្រោយពេល​រួមមេត្រី​គ្នា​រួច​បុរស​ជា​ជនជាតិ​បរទេស​នោះ​ក៏​បាន​ដេក​លក់​បាត់​ដោយ​ព្រោះ​ស្រវឹង​ខ្លាំង​ពេក ឃើញ​ឱកាសល្អ​នារី​សង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​យក​លុយ​ពី​ក្នុង​កាបូប​ចំនួន​៤០០​ដុល្លារ និង​ទូរស័ព្ទ​Iphone4 មួយគ្រឿង ហើយ​គេចខ្លួន​បាត់​។ បន្ទាប់​ពី​ភ្ញាក់​ដឹង​ទើប​បុរស​ជនជាតិ​បរទេស​ដឹងថា​បាត់​លុយ​និង​ទូរស័ព្ទ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​បឹង​ព្រលិត​។​
​រហូត​នៅ​យប់​កើតហេតុ​ស្រាប់តែ​បុរស​ជនជាតិ​បរទេស ប្រទះ​ឃើញ​នារី​ជនសង្ស័យ​កំពុង​ដើរ​តាម​ផ្លូវ​ក៏​បាន​ចាប់​ឡើង​ជិះ​ម៉ូតូ​យក​ផ្ទះសំណាក់ រ៉ាវុធ និង​បាន​អោយ​ម្ចាស់ផ្ទះ​សំណាក់​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ផងដែរ​។ បើតាម​សម្ដី​បុរស​ជនជាតិ​បរទេស​បាន​អោយដឹងថា រូបគាត់​គ្រាន់តែ​ចង់​បាន​លុយ​ចំនួន​៤០០​ដុល្លារ​និង​ទូរស័ព្ទ​របស់​គាត់​មក​វិញ ប៉ុន្តែ​នារី​ជា​ជនសង្ស័យ​បាន​យក​លុយ​ទាំងនោះ​ចាយ​អស់​ហើយ​ចំណែក​ទូរស័ព្ទ​ក៏​បាន​យក​ទៅ​ដាក់បញ្ចាំ​ទៀត ហើយ​បុរស​ជនជាតិ​បរទេស​ថាបើ​គ្មាន​លុយ​អោយ​គាត់​វិញ​ទេ គាត់​និង​អោយ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​សម្រេច​យក​នារី​ជា​ជនសង្ស័យ​និង​បុរស​ជនជាតិ​បរទេស​ទៅ​ប៉ុស្ដិ៍​នគរបាល​បឹង​ព្រលិត​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​។ គួរបញ្ជាក់​ថា​ចំពោះ​អត្តសញ្ញាណ​នារី​សង្ស័យ​និង​បុរស​ជនជាតិ​បរទេស សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ប្រាប់​នៅ​ឡើយ​ទេ​៕​

1 2 3