ខេត្តតាកែវ ៖ អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ២នាក់បានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនិងរថយន្តទំនើប
មួយគ្រឿងក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនេះបានកើតឡើងនៅថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ២ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧១-៧២ ស្ថិតនៅភូមិអូរស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ តាមការឲ្យដឹងពីប៉ូលីសក្រុងដូនកែវបានប្រាប់ថា រថយន្តបង្កម៉ាក TOYOTA FORD RANGER ពាក់ស្លាក់លេខ 2AS 0222 បើកបរដោយឈ្មោះ ប៉ាល់ ទិត្យវីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីរាជការ មិនបានរងរបួសនោះទេ រស់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកភាគីម៉ូតូរងគ្រោះម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាក់លេខ 1Q7564 បើកបរដោយឈ្មោះ ខា សុបញ្ញា ភេទប្រុស អាយុ១៧ រងរបួសបាក់ភ្លៅខាងស្តាំនិងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ ខា កក្កដា ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសធ្ងន់ទាំងពីរនាក់រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា ភាគីរថយន្តធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានបុកជាមួយនិងភាគីម៉ូតូដែលបើកបរពីត្បូងទៅជើងពេញទំហ៊ឹងលាន់ដូចរន្ទះបណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ទាំងពីរនាក់តែម្តងទៅ។
ក្រោយកើតហេតុសមត្ថកិច្ចជំជាញនៃអធិការនគរបាលក្រុងដូនកែវបានចុះដល់និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវចំណែកវត្ថុតាងទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។




































