រថយន្ត​កូរ៉េ​មួយ​គ្រឿង​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​ពេល​ចុះ​ពី​ស្ពាន​ព្រះមុនីវង្ស​ថ្មី​

​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​២​គ្រឿង​សណ្ដោង​គ្នា​ធ្វើ​ដំណើរ​ចុះ​ពី​ស្ពាន​ព្រះមុនីវង្ស​ថ្មី បំណង​បត់​ឆ្វេង​ឆ្ពោះ​ឡើង​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក៏​ដាច់​ខ្សែរ​អូស​រថយន្ត​ធ្វើអោយ​រថយន្ត​ដែល​សណ្ដោង​នៅ​ពីក្រោយ​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ចំ​ពេញទំហឹង​រង​ការខូចខាត​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២៦​ខែ​មិថុនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​គល់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ត្រើយ​ខាងកើត ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌមានជ័យ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កូរ៉េ​២​គ្រឿង​បាន​សណ្ដោង​គ្នា​ឡើង​ស្ពាន​ព្រះមុនីវង្ស​ថ្មី លុះ​ពេល​ចុះ​ពីលើ​ស្ពាន​បំណង​បត់​ឆ្វេង​ឡើង​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្រាប់​រថយន្ត​ដាច់​ខ្សែរ​សណ្ដោង ធ្វើអោយ​រថយន្ត​កូរ៉េ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្ដាល 3A-0092 ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​ចំ​ពេញទំហឹង​រង​ការខូចខាត​ទៅ​មុខ​លែង​រួច សំណាង​ដែល​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​។​
​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ត្រួតពិនិត្យ​និង​បាន​អោយ​រថយន្ត​កូរ៉េ​ដែល​សណ្ដោង​មួយគ្រឿង​ទៀត​នោះ​អូស​រថយន្ត​ថយក្រោយ ហើយ​យក​រថយន្ត​ទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

1 2 3