សៀមរាប៖ បើទោះជាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការថយចុះ តែវានៅតែស្ថិតនៅក្នុងបញ្ហាប្រឈម ចំពោះការអភិវឌ្ឍជាតិ ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ និង បន្សល់ផលវិបាកជាបន្ទុកសម្រាប់សង្គម ! ដូច្នេះ ( ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ) !
ការប្រៀបធៀបទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅខេត្តសៀមរាប រយៈពេល១០ខែ រវាងឆ្នាំ២០១៧និងឆ្នាំ២០១៨ ឃើញថា ៖ ឆ្នាំ២០១៧មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៦៩ករណី ឆ្នាំ២០១៨មានចំនួន៥៨ករណី ថយចុះ១១ករណី ។ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ប្រធានលេខាធិការដ្ឋាននៃអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានបង្ហាញនិន្នន័យនេះនាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្រុកពួក ក្នុងពិធីប្រារព្ធទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៣ ។ លោក គឹម ប៉ុណ្ណា បញ្ជាក់ទៀតថា ដូចគ្នានឹងរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបង្ហាញថា ១០ខែចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរកត់សម្គាល់ ។ លោកបានវាយតម្លៃថា ៖ បើទោះជាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការថយចុះ តែវានៅតែស្ថិតនៅក្នុងបញ្ហាប្រឈម ចំពោះការអភិវឌ្ឍជាតិ សុខុមាលភាពប្រជាជន ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិ បាល និង បន្សល់ផលវិបាកជាច្រើនទៀតក្នុងសង្គមចាតិ ដូចជាបានបង្កើតឡើងនូវសោកនាដកម្ម បន្សល់ទុកកូនកំព្រា ស្រ្តីមេម៉ាយ និងពិការភាពជាដើម ។
លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត អនុប្រធាន អនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានមានប្រសាសន៍ថា ៖ ការប្រារព្ធទិវានេះ គឺជាការបន្លឺស្នូជួងជាថ្មីទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកដែលទើបតែមានការធ្វើវិសោធនកម្មថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើងនិងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអព្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ និង បើកបរយានយន្ត ។ លោក ពិន ប្រាកដ បញ្ជាក់ថា ៖ ជាសាកលនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក បានប្រារព្ធទិវានេះដូចគ្នា រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន ៥០% នៅក្នុងឆ្នាំ២០២០ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវអានុសាសន៍ និង អំពាវនាវឲ្យជាពលរដ្ឋកម្ពុជា អនុវត្តដោយការចងចាំ ( ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ) ។
ក្នុងពិធីនោះដែរ គណៈអធិបតី និង ប្រតិភូ ក៏បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលកំពុងសម្រាកព្យាបាលរបួស នៅក្នុងមណ្ឌលសុខភាពស្រុកពួក ព្រមទាំងបានធ្វើការផ្តាំផ្ញើ ដល់បងប្អូនអ្នកជម្ងឺទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់នូវវិជ្ជបញ្ជារបស់គ្រូពេទ្យ ដើមី្បឲ្យបានឆាប់ជា ផ្សះស្បើយបានវិទៅកាន់លំនៅដ្ឋាន និង ប្រកបរបរចិញ្ចឹមក្រុមគ្រួសារ និង ពេលបើកបរម៉ូតូត្រូវពាក់ម៉ួកសុវត្ថិភាព ទាំងអ្នករួមដំណើរ និង បើកបររថយន្តត្រូវដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងមុខទាំងក្រោយផងដែរ ៕





































