ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៧ផ្ទាំងបានបាក់ដួលរាបនិងផ្លូវ ដោយសារតែរថយន្តលុចស៊ីស៤៧០ មួយគ្រឿង បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបានបើកជ្រុលចង្កូតទៅបុករះ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៤ ត្រង់ចំណុចមុខសណ្ឋាគារ
មនោរម្យ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីស ៤៧០ ពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-3232 បើកដោយបុរសម្នាក់ដែលគេស្គាល់ថាជាប៉ូលិសក្រុងឈ្មោះ រី ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុរថយន្តក៏បានជ្រុលចង្កូត ទៅបុករះរនាំងដែកពុះចែកទ្រូងបាក់អស់៧ផ្ទាំងដួលរាប ហើយរថយន្តរងការខូចខាតបន្តិចបន្តួចបានបន្ថែមល្បឿនបើករត់តាមផ្លូវព្រះមុនីវង្ស រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ី រថយន្តបង្កបានបត់ចូលច្រកវត្តនាគវ័ន្ត ក៏ត្រូវបានសមត្ថកិច្ចឃាត់បានទាំងរថយន្តទាំងអ្នកបើកបរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តបង្កទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕