កិច្ចប្រជុំអន្តរក្រសួង ពិភាក្សាការងារជួសជុល ថែទាំផ្លូវថ្នល់ក្នុងខេត្តសៀមរាប

0

សៀមរាប៖​ នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពាក់ព័ន្ធ ស្វែងរកដំណោះស្រាយ ស្តារ ជួសជុល ថែទាំផ្លូវ ដែលរងការខូចខាតនៅក្នុងខេត្តសៀមរាប ។ ក្នុងនោះមានវត្តមានឯកឧត្តម ជារដ្ឋ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណៈការនិងដឹកជញ្ជូន អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប និង ថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ឋ រួមទាំងអាជ្ញាធរក្រុង ស្រុកទាំង១២របស់ខេត្តសៀមរាបផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាគ្នារក និតិវិធី និង មធ្យោបាយ ដើម្បីស្តារនិងជួសជុលផ្លូវដែលខូចខាតក្នុងក្រុងសៀមរាប ។ កំណាត់ផ្លូវក្នុងក្រុងសៀមរាបចំនួន១១ខ្សែ ដែលខូចខាតនិងកំពុងទទួលការទិទៀនរឹះគន់ពីសំណាក់ប្រជាពលរដ្ឋ និង ផ្លូវខ្នែងបែកចេញពីផ្លូវជាតិលេខ៦ ចំនួន៥២កន្លែងទៀត ត្រូវបានកិច្ចប្រជុំអន្តរក្រសួងដែលពាក់ព័ន្ធ សម្រេចជាគោលការណ៍ ថានឹងត្រូវជួសជុលកសាងឲ្យទៅជាផ្លូវកៅស៊ូទាំងអស់ ។
បើតាមសេចក្តីរាយការណ៍របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប ឱ្យដឹងថា៖ក្នុងរដូវវស្សាកន្លងមកបានជួយបបញ្ហា ប្រឈមនានានិងទទួលបាន មតិរិះគន់ពីប្រជាពលរដ្ឋ ៖ចំពោះការខូចខាតកំណាត់ផ្លូវជាច្រើន បានរិះគន់តាមគ្រប់បណ្តាញពត៌មាននានា មកលើរាជរដ្ឋាភិបាល តាមរយៈក្រសួងឬស្ថាប័ន ដែលទទួលខុសត្រូវ ពិតមែនតែការរិះគន់មានភាពត្រឹមត្រូវលើកំណាត់ផ្លូវដែលបានខូចខាតទ្រុឌទ្រោមមែន តែពុំមានភាពច្បាស់លាស់ទៅលើដែនសមត្ថកិច្ចទទួលខុសត្រូវនៅឡើយ ទាំងនេះហើយដែលក្នុងនាមអ្នកទទួលខុសត្រូវបានធ្វើការឆ្លើយបកស្រាយជាហូរហែររៀងៗខ្លួន ប្រកបដោយភាពទន់ភ្លន់ ស្មារតីទទួលខុសត្រូវរួម មិនជះនិងបាចទឹកដាក់គ្នា ។ តាមរយៈបទបង្ហាញកិច្ចប្រជុំបានកំណត់ថានៅខេត្តសៀមរាបមានផ្លូវចំនួន១២ខ្សែ និងផ្លូវខ្នែងក្នុងក្រុងបំបែកពីផ្លូវជាតិលេខ៦ចំនួន៥២ខ្នែងទៀតដែលត្រូវការការស្តារនិងជួសជុលឡើងវិញជាប្រញ៉ាប់បំផុត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍សំណូមពរដល់អាជ្ញាធរខេត្តនិងក្រុមហ៊ុន ម្ចាស់សណ្ឋាគារនានាកៀងគររកវិភាគទានថវិកាដើម្បី ជួសជុលផ្លូវក្នុងក្រុងសៀមរាបដែលរងការខូចខាតនាពេលកន្លង មក ។ ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា៖នៅក្នុងច្បាប់ផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជាយើង ផ្លូវថ្នល់មួយចំនួន ត្រូវបានកសាង ថែទាំ និងស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការនិងដឹកជញ្ជូន, មួយចំនួនក្រោមការសាងសង់ ថែទាំដោយក្រសួងអភិវឌ្ឍន៍ជនបទ,និងមួយចំនួនក្រោមការកសាង ថែទាំនិងជួសជុលដោយរដ្ឋបាល រាជធានី ខេត្ត ។ ដោយឡែកខេត្តសៀមរាប ផ្លូវមួយចំនួនជាបន្ទុកគ្រប់គ្រងថែទាំជួសជុលដោយអាជ្ញាធរអប្សរា លើកំណាត់ផ្លូវណាដែលស្ថិតក្នុងតំបន់ដែលអភិរក្សបេតិកភ័ណ្ឌជាតិ ក៍ដូចជាតំបន់រណបផ្សេងៗ ។ ឯកឧត្តម បញ្ជាក់ថា៖យើងជិះទូកជាមួយគ្នា គឺទូករបស់រាជរដ្ឋាភិបាល យើងខ្ញុំមិនដែលជះទឹកដាក់គ្នាទេ យើងតែងតែពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋដែលលើកឡើងទាក់ទងទៅនឹងការខូចខាតផ្លូវថ្នល់។ឯកឧត្តម ទេសរដ្ឋមនន្ត្រីបញ្ជាក់ច្បាស់ទៀថា បងប្អូនប្រជាពលរដ្ឋរួមទាំងអ្នកទេសចរណ៍ធ្វើដំណើរមិនបានដឹងទេ ថាផ្លូវណាជាការគ្រប់គ្រងថែទាំរបស់អាជ្ញាធរអប្សរា ផ្លូវណាជាការគ្រប់គ្រងថែទាំរបស់អភិវឌ្ឍជនបទ ឬសាធារណៈការនិងដឹកជញ្ជូន នោះទេ គឺពួកគាត់ច្រើនតែយល់ថាជាផ្លូវដែលសាងសង់ គ្រប់គ្រង ជួសជុលដោយក្រសួងសាធារណៈការ ឬថាជាផ្លូវរបស់រាជរដ្ឋាភិបាលតែម្តង ។ ឯកឧត្តម មានប្រសាសន៍ទៀតផងដែរ ចំពោះបញ្ហាផ្លូវចំនួន១១ខ្សែនៅក្នុងក្រុងសៀមរាប ប្រវែងប្រមាណជា១២គ.ម ត្រូវតែជួសជុលនិងស្តារជាបន្ទាន់ ដោយសារផ្លូវទាំងនោះរងការខូចខាតជាច្រើន ជាមួយគ្នានោះផ្លូវខ្នែងចំនួន៥២ខ្សែក៍ត្រូវរៀបចំឲ្យទៅជាផ្លូវកៅស៊ូដែរ ដែលត្រូវប្រើប្រាស់ថវិកាប៉ាន់ជាជំហានដំបូងប្រមាណជា១៥លានដុល្លារអាមេរិក ។ ជាមួយគ្នានោះក៍មានផ្លូវ៥ខ្សែជាផ្លូវគ្រួសក្រហម ស្ថិតក្នុងគម្រោងថែទាំជួសជុលរបស់ក្រសួងអភិវឌ្ឍណ៍ជនបទ និង២ខ្សែទៀតជាផ្លូវក្រាលគ្រួសក្រហមដែរ ស្ថិតក្នុងគម្រោងថែទាំរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប ក៍នឹងត្រូវជួសជុលនិងប្រែក្លាយឲ្យទៅជាផ្លូវកៅស៊ូDBST មានពីរស្រទាប់ស្តើងដែលមានអាយុកាល៥ឆ្នាំតែប៉ុណ្ណោះ លើសពីនេះវានឹងរងការខូចខាតទៅវិញផងដែរ ។ ឯកឧត្តមមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋផងដែរថា ដោយសារថវិកាមានកំណត់យើងធ្វើជាលក្ខណៈបណ្តោះអាសន្នលៃយ៉ាងណាឲ្យផ្លូវនេះក្លាយជាផ្លូវកៅស៊ូសិន ថ្ងៃក្រោយ នឹងអភិវឌ្ឍន៍ពីផ្លូវកៅស៊ូស្តើងទៅជាផ្លូវកៅស៊ូបេតុងវិញ៕