ពិធីចុះអនុស្សរណៈលើកិច្ចព្រមព្រៀង លើគម្រោងអភិវឌ្ឍន៍ភូមិភ្នំក្រោម.ស៊ូវ៉ុន ជំហានទី៤

0

សៀមរាប៖ ក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ ជាក្រុងសម្ព័ន្ធមេត្រីភាពនិងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាចាប់តាំងពីឆ្នាំ២០០៤ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍភូមិភ្នំក្រោម ស៊ូវ៉ុន ។ ដើមី្បកាន់តែធ្វើឲ្យចំណងសម្ព័ន្ធមេត្រីភាព មិត្តភាពខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន កាន់តែរឹងមាំនោះ នៅរសៀលថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារបុរី អង្គរ ខេត្តសៀមរាប មានធ្វើពិធីចុះអនុស្សរណៈលើកិច្ចព្រមព្រៀង ដើមី្បអភិវឌ្ឍ ភូមិស៊ូវ៉ុន ភ្នំក្រោម ក្នុងគោលដៅលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់ភូមិភ្នំក្រោម ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ភាគីខេត្តសៀមរាប ឯកឧត្តម យ៉ុម តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន រួមនឹងសហការីអមដំណើរផងដែរ ។
ក្នុងកិច្ចពិភាក្សា និង ចុះហត្ថលេខានាឱកាសនោះ លោក ពិន ប្រាកដ ក្នុងនាមឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ គឺជាសក្ខីភាពដែលប ញ្ជាក់កាន់តែច្បាស់នូវចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការបន្ថែម សំដៅពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត និង ក្រុងទាំងពីរ តាមរយៈ ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ស្មារតី ដើមី្បស្តារ និង អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់ វិស័យ ស្រមតាមគោលនយោបាយជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបានឲ្យដឹងទៀតថា ក្នុងការភ្ជាប់ចំណងមិត្តភាពរវាងខេត្ត ក្រុងទាំងពីរ បានធ្វើឲ្យបងប្អូនសប្បុរសជនក្នុងក្រុងស៊ូវ៉ុន បានចូលរួមក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ ភូមិភ្នំក្រោម ស៊ូវ៉ុន ។ លោក ពិន ប្រាកដ បានបន្តទៀតថា ជាក់ស្តែងក្នុងរយៈពេល៣ឆ្នាំ នៃផែនការសកម្មភាពជាថ្មីមួយ ដែលជាគម្រោងអភិវឌ្ឍន៍ភូមិភ្នំក្រោម ស៊ូវ៉ុនជំហានទី៣ គឺឆ្លើយតបដ៏ចំគោលដៅ ដែលយើងចង់បាន ។ លោកក៏មានជំនឿជឿជាក់ថា គម្រោងអភិវឌ្ឍន៍នេះ នឹងទទួលបានជោគជ័យ ទៅតាមគោលដៅកំណត់ ព្រមទាំងជួយជ្រោម ជ្រែងគ្រប់កាលៈទេសៈ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តសៀមរាប ហើយក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នាដ៏ល្អ ប្រពៃ និង បន្តទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមិត្តភាព សៀមរាប ស៊ូវ៉ុន ។
មានប្រសាសន៍នោះឯកឧត្តម យ៉ុម តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន បានលើកឡើងអំពីសកម្មភាព និងលទ្ធផលពីការអភិវឌ្ឍន៍ភូមិមិត្តភាព ភ្នំក្រោម ស៊ូវ៉ុន ចាប់ពីជំហានទី១ និង ទី២ និងជំហានទី៣លើការងារអប់រំ អនាម័យ និង បរិស្ថាន ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារផងដែរ ។ឯកឧត្តមបានបន្តទៀតថា ក្នុងដំណាក់កាលទី៣ សមទ្ធិផលដែលប្រជាជនភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន បានមានអគារសិក្សា ផ្លូវថ្នល់ បង្គន់អនាម័យ អណ្តូងទឹកស្អាត និង លំនៅដ្ឋានជាដើម ។ ឯកឧត្តមក៏បានធ្វើការបញ្ជាក់ថា សមទ្ធិផលទាំងនេះ ក៏ដោយមានកិច្ចសហប្រតិបត្តិការជាមួយ សមាគមហែភីខាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ ប្រជាជនក្រុងស៊ូវ៉ុនទាំងមូល និង អង្គការឡូតិ៍ធឹសវើល ហើយគម្រោងនេះនឹងបញ្ចប់នៅចុងឆ្នាំ២០១៨ និង បន្តជំហានទី៤ ដោយនឹងធ្វើពិធីចុះអនុស្សរណៈលើគម្រោងថ្មីនាថ្ងៃនេះ រវាងខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន ក្នុងគោលបំណងផ្តោតទៅលើការបង្កើនប្រាក់ចំណូល តាមរយៈការបណ្តុះ បណ្តាលវិជ្ជាជីវៈ និង ពង្រឹង សមត្ថភាពប្រជាជនក្នុងភូមិ និង ធ្វើការកែលម្អរបរិស្ថានរស់នៅ ការផ្តល់ជំនួយផ្នែកអប់រំ និង សុខាភិ បាលជាដើម ។ ម៉្យាងទៀតការអភិវឌ្ឍន៍ភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន ក្នុងការបង្កើននូវប្រាក់ចំណូលដល់ប្រជាពលរដ្ឋ នៅតំបន់ភូមិភ្នំក្រោម សម្រាប់ទៅថ្ងៃអនាគត ក្រោមកិច្ចរួមសហការរវាងអាជ្ញាធរក្រុងស៊ូវ៉ុន និង ខេត្តសៀមរាប ។
ការចុះអនុស្សរណៈទៅលើគម្រោងនៃជំហានទី៤នេះ ទៅលើគម្រោងជំនួយអភិវឌ្ឍន៍ភូមិភ្នំក្រោម ស៊ូវ៉ុន ដោយបានព្រមព្រៀងគ្នាលើចំណុច គឺត្រូវជួបពិភាក្សា ចែករំលែកពីផែនការអភិវឌ្ឍន៍ជាក់ស្តែង ,ត្រូវបង្កើតឡើងដោយប្រកាសរបស់ក្រសួងមហា ផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា , បញ្ចូលនូវកម្មវិធី ក្នុងគម្រោងជួយខ្លួនឯង ការកែលម្អបរិស្ថានជីវិត កិច្ចគាំទ្រការអប់រំ ការពារកុមារ និង មានការសម្របសម្រួលលើវិស័យទំនាក់ទំនងសាធារណៈ និង ហ្វឹកហ្វឺន គ្រប់គ្រងសម្ភារៈ ព្រមទាំងសម្របសម្រួលផ្នែក ពន្ធ គយ ទៅលើសម្ភារៈនាំចូល សម្រាប់ការអភិវឌ្ឍន៍ភូមិភ្នំក្រោម ស៊ូវ៉ុន និងត្រូវសហការគ្នាទៅវិញទៅមក ដើមី្បអភិវឌ្ឍន៍ និង អនុវត្ត ការកសាងសមត្ថភាពថ្មី និង លើកកម្ពស់ការ យល់ដឹងពីគម្រោងអភិវឌ្ឍនានាដល់អ្នកភូមិភ្នំក្រោម ស៊ូវ៉ុន ។ ក្នុងនោះភាគីទាំងពីរក៏បានចុះហត្ថលេខាព្រមព្រៀងគ្នាទៅលើ៧ចំណុច ដែលភាគីទាំងពីរបានយោគយល់និងឯកភាពគ្នា ក្នុងគោលដៅផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ ក៏ដូចប្រជាជនភូមិភ្នំក្រោម ស៊ូវ៉ុន សម្រាប់ទៅពេលអនាគតផងដែរ ៕