ពលរដ្ឋ​​សាទរ​ ចំពោះ​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ ផ្តល់​គម្រោង​ស្ថាបនា​ផ្លូវ​កៅស៊ូ​​២ខ្សែ​ ក្នុង​ភូមិ​បឹង​កុក២​ និង​ភូមិ​ឡ​ឥដ្ឋ​

0

កំពង់ចាម​:​ ក្រោម​ការ​​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ ដែល​តែងតែ​ឆ្លើយតប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ការ​​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​ជាបន្តបន្ទាប់​ ជាក់ស្ដែង​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ​DBST ចំនួន​២ខ្សែ​ ដែល​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ បាន​សម្រេច​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បឹង​កុក​២​ និង​ភូមិ​ឡ​ឥដ្ឋ​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ដែល​ប្រជាពលរដ្ឋ​មាន​ការ​ត្រេកអរ​ជា​ខ្លាំង​។
លោក​ ឆន​ រិន​ ក្រុម​ប្រឹក្សា​សង្កាត់​បឹង​កុក​ ដែល​ជា​អ្នក​ចុះ​អនុវត្តន៍​គម្រោង​ស្ថាបនា​ផ្លូវ​ខាង​លើនេះ​ដោយ​ផ្ទាល់​ លោក​បាន​ឲ្យដឹងថា​ គម្រោង​ដែល​កំពុង​តែចាប់ផ្ដើម​ស្ថាបនា​នេះ​ គឺ​រដ្ឋបាល​សាលា​ខេត្ត​​ បាន​ទម្លាក់​ចុះ​មក​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ចាម​ ជា​អ្នក​អនុវត្តន៍​បន្ត​ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ DBST ទទឹង​៦ម៉ែត្រ​ ប្រវែង​១១៧៧ម៉ែត្រ​ ចាប់​ពី​ចំណុច​ជាប់​ផ្លូវ​វត្ត​ថ្ម​គោល​ ស្រុក​កំពង់​សៀម​ តែ​ស្ថិត​នៅ​ក្នុង​ភូមិ​ឡ​ឥដ្ឋ​ មក​ទល់នឹង​ផ្លូវ​មុខ​វត្ត​បឹង​កុក​ ស្ថិត​នៅ​ក្នុង​ភូមិ​បឹង​កុក​២​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​។
លោក​ ឆន​ រិន​ បាន​បន្ត​ទៀត​ថា​ កំណាត់​ផ្លូវ​ប្រវែង​១១៧៧ម៉ែត្រ​នេះ​ សម្រាប់​ភូមិ​បឹង​កុក​២​ មាន​ប្រវែង​៣៨៧ម៉ែត្រ​ សាច់​កៅស៊ូ​ទទឹង​៥ម៉ែត្រ​ ប្រអប់​សង្ខាង​២ម៉ែត្រ​ ស្មើនឹង​៧ម៉ែត្រ​ ដោយឡែក​ភូមិ​ឡ​ឥដ្ឋ​មាន​ប្រវែង​៧៩០ម៉ែត្រ​ សាច់​កៅស៊ូ​ទទឹង​៦ម៉ែត្រ​ ប្រអប់​សង្ខាង​២ម៉ែត្រ​​ ស្មើនឹង​៨ម៉ែត្រ​ ផង​ដែរ​។
ការ​ស្ថាបនា​ផ្លូវ​ទាំង​២ខ្សែ​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាង​លើ​ មាន​ការ​ត្រេកអរ​ជា​ខ្លាំង​ ព្រោះ​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ហើយ​ហាងឆេង​ដី​ធ្លី​ក៏​មាន​តម្លៃ​ខ្ពស់​ទៅ​តាម​ហ្នឹង​ផង​ដែរ​ ៕