សៀមរាប៖ ថ្ងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ចរបស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំង
ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី រំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ១៩៥៣ និង ០៩ វិច្ឆិកា ២០១៨ ទោះបីព្រះអង្គបានយាងចូលទីវង្គត់ក៏ពិតមែន តែស្មាតី ៩វិច្ឆិកា បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរស្តយើងគ្រប់រូបនូវស្នាព្រះហស្ត៍ របស់ព្រះអង្គដល់សង្គមខ្មែរទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ប្រកបដោយព្រះបញ្ញាញាណ ដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម ។ ដោយឡែកនៅខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការកងពលតូច កងពលធំ តំបន់ប្រតិបត្តិការសិករង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សិស្សានុសិស្ស បានអញ្ជើញមកជួបជុំគ្នានៅបរិវេណវិមានរំលឹកគុណយុទ្ធជន ខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរងយោធភូមិភាគទី៤ និង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបព្រមទាំងមានវត្តមានចូលរួមរបស់អស់លោកជាមេបញ្ជាការកងពលធំ កងពលតូច មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសិករងខេត្តចំណុះឲ្យយោធភូមិភាគទី៤ផងដែរ ។
ក្នុងការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃទិវាឯករាជ្យជាតិ០៩វិច្ឆិកា និង កំណើកងយោធពលខេមរភូមិន្ទ និង ក៏ជាការរំលឹកនូវស្នាព្រះហស្ត៍ ព្រះរាជបូជនិយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូរ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនិយកិច្ច ក្នុងការទាមទា ឯករាជ្យនៅ កម្ពុជា ឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និង បានប្រកាសឯករាជ្យជាតិ នាថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣ នៃព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាង ការពារបូរណភាពទឹកដី ។ ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ ។
ក្នុងពិធីនោះដែរនៅតាមបណ្តាផែនមេបញ្ជាការយោធភូមិភាគ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព បានអញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូក គោរពព្រះដួងវិញ្ញាណក្ខ័ន្តថ្វាយជូនព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង វិញ្ញាណក្ខ័ន្តវីរៈភាពរបស់បុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិនិងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ ដើមី្បភាពសុខសាន្តដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ ៕




































