សៀមរាប៖ អណ្តូងទឹកស្នប់អាហ្វ្រីដេស៍ ២កន្លែង ត្រូវបានប្រគល់ជូនប្រជាពលនៅសហគមន៍ ភូមិបឹងវៀន ឃុំតាយ៉ែក និងភូមិត្របែក ឃុំដំដែក ស្រុកស្រុកសូទ្រនិគម ខេត្តសៀមរាប ។ កាលពីព្រឹកថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ក្រោមវត្តរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទ
ក្រហមកម្ពុជាតិខេត្ត និង សហការី ។ក្នុងកិច្ចស្វាគមន៍របស់លោក ម៉ក់ ប្រុស ប្រធានអនុសាខាកាកបាទក្រហមស្រុក និង ជាអភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានគូសបញ្ជាក់ថានៅតាមបណ្តាភូមិមួយចំនួន កំពុងប្រឈមទៅនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ដែលកន្លងមក ប្រជាពលរដ្ឋទាំងនោះបានប្រើប្រាស់ទឹកដែលគ្មានអនាម័យ ដូចជាអណ្តូងដៃតូចៗ ទឹកស្រះ ទឹកអូរជាដើម ។ តាមសេចក្តីរាយការណ៍របស់លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានគូសបញ្ជាក់ថា នេះជាអណ្ដូងទឹកស្អាតទី ៣២ និង៣៣ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ហើយក៏ជាអណ្ដូងទឹកស្អាតអាហ្វ្រីដេស៍ទី ៩ និងទី១០ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ទាំងពីរសហគមន៍ បានប្រើប្រាស់ទាំងប្រាំង និង វស្សា ដោយគ្មានការព្រួយបារម្ភដូចមុនឡើយ ។
មានប្រសាសន៍នាឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានធ្វើការសំណេះសំណាល និងប្រគល់អណ្តូងទឹក ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិបឹងវៀន ឃុំតាយ៉ែក និង ភូមិត្របែក ឃុំដំដែក ដែលខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។ ក្នុងនោះដែរលោកជំទាវក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ អំពីសុខភាព និង អនាម័យ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានលើកឡើងថា បញ្ហាសុខភាព គឺជាកត្តាចម្បងសម្រាប់មនុស្សយើងគ្រប់រូប ដូច្នេះបញ្ហាទឹកស្អាត ក៏ជាកត្តាដ៏ចាំ បាច់សម្រាប់មនុស្សជាតិយើងគ្រប់រូប ក្នុងការរស់នៅប្រចាំថ្ងៃ ដើមី្បបរិភោគ ប្រើប្រាស់ជាអចិន្ត្រៃយ៍ ទឹកគឺជាថាមពលចិញ្ចឹមសរីរាង្គកាយមនុស្ស សត្វ និង រុក្ខជាតិ ។ ម៉្យាងទៀតអណ្តូងទឹកទាំងពីរនេះ ក៏ជាសមទ្ធិផលថ្មីសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិបឹងវៀន និងភូមិត្របែក បានប្រើប្រាស់គ្រប់ៗគ្នា ដែលមិនបានចោទជាបញ្ហា ការកង្វះខាតទឹកប្រើប្រាស់ទៀតឡើយទាំងរដូវប្រាំង និង វស្សា ព្រមទាំងធ្វើការដាំដុះដំណាំរួមផ្សំផងដែរ ។
លោកជំទាវក៏បានធ្វើការថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភរបស់សប្បុរសជន ដែលបានផ្តល់អណ្តូងទឹកនេះ ដល់ប្រជាជនក្នុង ភូមិបឹងវៀន ឃុំតាយ៉ែក និងភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ដែលសរបញ្ជាក់នូវទឹកចិត្តដ៏សប្បុរសធម៌ ដើមី្បរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈធ្វើឲ្យប្រសើរឡើងលើវិស័យប្រើប្រាស់ទឹកស្អាត និង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ “ទឹកជាប្រភពនៃជីវិត” ។ លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និង ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយយើងក៏មិនចាំបាច់បារម្មណ៍ពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ផងដែរ ។ លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូន រូតរះប្រមូលផលស្រូវ និង ត្រូវប្រុងប្រយ័ត្នខ្ពស់ដោយរដូវស្ងួតហួតហែងចូលមកដល់ ចំពោះភ្លើងផ្សែង និងសុខភាព សំខាន់កូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏ផ្តាំផ្ញើដល់ ដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សា អណ្ដូងទឹកស្អាតនេះ ដើម្បីបានប្រើប្រាស់យូរអង្វែង និង ឲ្យសមនឹងពាក្យស្លោក “ការប្រើប្រាស់ទឹកស្អាត និងមានអនាម័យ នាំឱ្យគ្រួសារមានសុខភាពល្អ និងមានសុភមង្គល” និង សូមឲ្យប្រជាពលរដ្ឋក្នុងសហគមទាំងពីរ ត្រូវមើលថែរក្សាអណ្តូងទឹកនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែងរបស់បងប្អូនទៅអនាគត សំខាន់គឺបញ្ហាសុខភាពសហគមន៍ ក៏ដូចជាសុខភាពបងប្អូនប្រជាពលរដ្ឋជាស្ត្រីមានកូនតូចទីទ័លក្រ ។
ក្នុងនោះដែរលោកជំទាវ ក៏បាននាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូល រួមក្នុងពិធីប្រគល់អណ្តូងនេះ ដោយម្នាក់ៗទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀល។
ឆ្លៀតឱកាសនោះលោកជំទាវនិងប្រតិភូ បានអញ្ជើញចុះពិនិត្យការ ជួសជុលអគារស្នាក់ការអនុសាខាស្រុកសូទ្រនិគម ដែលកាកបាទក្រហមដាណាម៉ាក់បានប្រគល់កន្លងមក ព្រមទាំងបានធ្វើការណែនាំដល់ប្រធានអនុសាខា ត្រូវឲ្យក្រុមជាងយកចិត្តទុកដាក់ឲ្យបានរួចរាល់នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ៕





































