ប៉ូលិស​ខេត្ត​កំពង់ចាម​ ឃាត់ខ្លួន​ជនសង្ស័យ​២នាក់​ ជាមួយ​ឧបករណ៍​ឆក់​ត្រី​ ប្រគល់​ឲ្យ​មន្ត្រី​ជលផល​ចាត់ការ​បន្ត​

0

កំពង់ចាម:​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​ល្អ​ រាយការណ៍អំពីបទល្មើសនេសាទខុសច្បាប់​ ដោយ​មាន​ជន​សង្ស័យ​ប្រើប្រាស់នូវ​ឧបករណ៍​ និង​ធ្វើ​សកម្មភាព​ឆក់​តាម​ដង​ទន្លេ​មេគង្គ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចាត់បញ្ជា​ លោកវរសេនីយ៍ឯក ស្រេង ធារី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច​ និង​ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិត តារា ស្នងការរងទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នាព្រឹក​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨នេះ​ បានចុះបង្ក្រាបបទល្មើស​ជលផល​ នៅចំណុច​ ភូមិចុងថ្នល់ទី១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជាលទ្ធផល​ក្នុង​ប្រតិបត្តិការណ៍​នេះ​ កម្លាំង​ជំនាញ​ដកហូតបាន​វុត្ថុតាង​រួមមាន​ ឧបករណ៍ឆក់ត្រី​ ចំនួន​ ២​ គ្រឿង​ (ក្នុង​នោះ​មាន​ក្តៅ​ ចំនួន​ ០១គ្រឿង​ និងត្រជាក់​ ចំនួន​ ០១គ្រឿង)​ អាគុយ​ ចំនួន​០២​ ទូកម៉ាសុីន​ ចំនួន​ ០១​គ្រឿង​ ដងឆក់​ ចំនួន​ ០១​គូរ​ និង​ត្រីចម្រុះ​ ចំនួន​ ៣០​គីឡូក្រាម​។
ជាមួយ​គ្នា​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ ចំនួន​០២នាក់:​ ១​-​ឈ្មោះ​ ថាំង​ លី​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ ជនជាតិវៀតណាម​ មានលំនៅភូមិចុងថ្នល់ទី១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
២-​ឈ្មោះ​ គឹម​ នី​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ ជនជាតិខ្មែរ​ មានលំនៅភូមិចុងថ្នល់ទី១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២នាក់​ រួមនឹង​វុត្ថុតាង​ ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ​ដើម្បីចាត់ការ​បន្ត​តាមនីតិវិធីច្បាប់៕