សៀមរាប : ការកាប់ព្រៃលិចទឹកដើម្បីយកមកធ្វើជាកម្មសិទ្ធសម្រាប់ធ្វើស្រែប្រាំង និងបូមត្រពាំងយកត្រីនៅតំបន់សហគមន៍ចងសេះឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានលក្ខណៈអនាធិបតេយ្យ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើននាក់(សុំមិនបញ្ចេញ
ឈ្មោះ)បានប្រាប់អ្នកសារព័ត៌មានថា៖ ពួកគាត់គឺជាប្រជាកសិករធ្លាប់បង់សំណាញ់នៅរដូវប្រាំងដើម្បីយកត្រីមកធ្វើជាផ្អក ប្រហុក សម្រាប់បរិភោគនៅរដូវវស្សាខណៈពេលដែលពួកគាត់ជាប់ដៃដកស្ទូង។ប៉ុន្តែចាប់តាំងពីបង្កើតសហគមន៍ចងសេះដែលមានប្រធានឈ្មោះ ងឹម ធី ភេទប្រុស រស់នៅភូមិសំរោងធំឃុំអន្លង់សំណរពួកគាត់មិនអាចរកត្រពាំងបង់សំណាញ់បានទេព្រោះត្រពាំងទាំងឡាយត្រូវបានគេបូមអស់ដូចជា៖ ត្រពាំងអាផ្ទោល ត្រពាំងអាភេ កំពីងរូងរាម ត្រពាំងសាលាមិញ ត្រពាំងទាក់ឡើ។-ល-។
នៅក្នុងសហគមន៍នេះ មិនត្រឹមតែបូមត្រពាំងនោះទេ ថែមទាំងកាប់បំផ្លាញព្រៃលិចទឹកជាវារីជីវៈចម្រុះយកមកធ្វើកម្មសិទ្ធរាប់ហិចតាក្នុងដែនសហគមន៍នេះ។ជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៤មន្ត្រីឧទ្យានុរក្ស និងបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការស្ទឹងជ្រៅ បានចុះទៅពិនិត្យព្រៃលិចទឹកនៅចំណុចព្រះគន្លង និងចំណុចទ្រុងជ្រូកនៅក្នុងសហគមន៍ចងសេះ បានជួបជនល្មើសកាប់បំផ្លាញព្រៃលិចទឹក ប៉ុន្តែពួកគេរត់គេចខ្លួនដោយសុវត្ថិភាព។
ក្រុមការងារ បានប្រមូលឧបករណ៍កាប់បំផ្លាញព្រៃឈើមួយចំនួនដូចជា ខ្វែវ ពូថៅ ព្រមទាំងវាយតម្លៃព្រៃដែលត្រូវបានបំផ្លាញប្រហែល ជាង 40 ហិចតា មន្ត្រីបរិស្ថានបានធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាង ធ្វើរបាយការណ៍បញ្ជូនទៅអោយសាលាឃុំអន្លង់សំណរ ដើម្បីស្វែងរកជនសង្ស័យ។
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ លោក សេង យន់ មេឃុំអន្លង់សំណរ បានប្រាប់អ្នកយកព័ត៌មានយើងថា៖ សាលាឃុំ បានរកឃើញជនសង្ស័យកាប់បំផ្លាញព្រៃលិចទឹកចំនួន ៣នាក់ លោកបន្តទៀតថា លោកហើយនិងលោកអភិបាលស្រុកបានធ្វើកិច្ចសន្យាបញ្ឈប់ការរុករានព្រៃលិចទឹកកុំថាឡើយតែកាប់បន្តសូម្បីតែទៅមើលកន្លែងក៏ត្រូវចាប់បញ្ជូនទៅតុលាការដែរ។ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១ ស៊ុយ រ៉ូន ភេទប្រុស រស់នៅភូមិអន្លង់ព្រីងលើជាមេខ្លោង ២ ឃី ជា ភេទប្រុស ភូមិអន្លង់ព្រីងក្រោម ៣ តោ តុល ភេទប្រុស រស់នៅតាគឹមលើ តាមចម្លើយរបស់អ្នកទាំងបី និយាយថា៖ ពួកគាត់កាប់ត្រឹមតែ ២ហិចតាម្នាក់ប៉ុណ្ណោះ រីឯអ្នកផ្សេងទៀតគាត់មិនហ៊ានបញ្ចេញឈ្មោះទេ។ នេះគ្រាន់តែចំណុចទ្រូងជ្រូក និងចំណុចព្រះគន្លងតែប៉ុណ្ណោះនៅច្រើនចំណុចទៀតដែលមិនទាន់បានចុះទៅពិនិត្យ។
ការកាប់បំផ្លាញព្រៃលិចទឹកមានលក្ខណៈអនាធិបតេយ្យនេះបណ្តាលមកពីមន្ត្រីខ្លាប្រាំនិងរដ្ឋបាលជលផលសង្កាត់អន្លង់សំណរខ្វះឧត្តមគតិក្នុងការការពារនិងអភិរក្សលំនឹងប្រព័ន្ធអេកូឡូស៊ីជលផល ហើយមន្ត្រីបរិស្ថានស្នាក់ការស្ទឹងជ្រៅដេកផ្សំដួល រមូលផ្សំគ្រេច ជាពិសេស ប្រធានសហគមន៍ត្រីមេពូជចងសេះ លោក ងឹម ធី ជាអ្នកបើកភ្លើងខៀវ។កុំថាឡើយតែប្រជាពលរដ្ឋដែលនិយាយថាលោក ងឹម ធី ខ្វះឧត្តមគតិចំពោះជាតិសូម្បីតែមន្ត្រីសាលាស្រុកមួយចំនួនក៏និយាយថាជាបុគ្គលបំផ្លាញជាតិដែរ។អ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក ងឹម ធី ដើម្បីបំភ្លឺបញ្ហាទាំងនេះ ប៉ុន្តែគ្មានការឆ្លើយតប ៕ ដោយ អ៊ុក ផ្លុង