ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមួយគ្រួសារ ត្រួវបានក្រុមចោរមានគ្នាប្រហែល២ទៅ៣នាក់ ចូលលួចគាត់ទ្វារផ្នែកខាងក្រោយផ្ទះ រួចចូលទៅក្នុងបន្ទប់ដេក នាំគ្នាគាស់ទូដែកយកមាសអស់ចំនួន១០ដំឡឹង ប្រាក់ដុល្លារអស់ចំនួន៥០០០ដុល្លារ ប្រាក់ថៃ អស់ចំនួន១៥០០០០បាត រួចនាំគ្នា
រត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៏បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតតាមបណ្តោយផ្លួវលំឆ្ពោះទៅកាន់រមណីដ្ឋានអាងជីងចក់ ក្នុងភូមិអូរច្រាលើ សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្រុមគ្រួសារដែលចោរលួចចូលគាស់ផ្ទះយកព្រទ្យសម្បតិ្តឈ្មោះ សរ សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ ជាកសិករ មានប្រពន្ធ ឈ្មោះ ឈឹម ពេជ្រ អាយុ៤៥ឆ្នាំ មានស្រុកកំណើត រស់នៅភូមិឡូរី ឃុំរកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ ដោយមករស់នៅខេត្តប៉ៃលិនអស់រយៈពេលជិត១០ឆ្នាំហើយ ,បច្ចុប្បន្នរស់នៅភូមិ/ឃុំកើតហេតុខាងលើ។
បើតាមការរៀបរាបពីជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ បានឲ្យដឹងថា៖ រូបគាត់បានចេញ ពីផ្ទះតាំងពីព្រលឹម ដើម្បីទៅចំការនៅខាងក្រោយផ្ទះ មានចំងាយប្រហែង៤០០ម៉ែត្រ លុះពេលបាយថ្ងៃត្រង់ពួកគាត់ក៏ ត្រលប់មកផ្ទះវិញ ដោយមិនបានចូលតាមទ្វាក្រោយនោះទេ គឺដើរតាមទ្វាមុខ ហើយបានចូលក្នុងផ្ទះ ស្រាប់តែឃើញរបស់របរខាងក្នុងផ្ទះរប៉ាត់រប៉ាយ ក៏មានការសង្ស័យគាត់ក៏ចូលក្នុងបន្ទប់ដេក ក៏ឃើញទូដែក របើកបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
ប្រភពបន្តថា៖ ពេលនោះពួកគាត់បានដើរមើលជុំវិញផ្ទះ ក៏ឃើញទ្វាបន្ទប់ខាងក្រោយរបើក ក៏សន្និដ្ឋានថាក្រុមចោរអាចគាស់ទ្វាបន្ទប់ខាងក្រោយចូលយកព្រទ្យសម្បតិ្ត ។ ប្រភពដដែលបន្តទៀតថា៖ ក្រុមចោរដែលចូលគាស់ទូដែករបស់គាត់វា យកប្រដាប់ប្រដាមកជាស្រេច ដូច ញញួរ, សោរមូល, ចបត្រសេះ, ទុសល្វីស, ហើយព្រទ្យសម្បត្តិដែលបាត់បង់គឺមាសអស់ចំនួន១០ដំឡឹង ប្រាក់ដុល្លារអស់ចំនួន៥០០០ដុល្លារ ប្រាក់ថៃ អស់ចំនួន១៥០០០០បាត ។
ក្រោយពេលកើត ហេតុគេឃើញមានលោកស្រី អភិបាលរងខេត្ត សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល រួមជាមួយសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់ទួលល្វាទៅពិនិត្យផងដែរ ដោយមិនទាន់កំណត់មុខសញ្ញាក្រុមចោរបាននៅឡើយ ទើបយកវត្ថុតាងទាំងអស់ទៅធ្វើកោសល្យវិច្ឆ័យ ព្រមទាំងធ្វើការស្រាវជ្រាវ ៕