មណ្ឌលគិរីៈ ដើម្បីការពារសុខុមាលភាព ដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ដមណ្ឌគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ដ ព្រមទាំងកំលាំងនរគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ បានចុះអប់រំណែនាំដល់អាជីវករ ក៏ដូចជាពលរដ្ឋទាំងអស់ ត្រូវពិនិត្យមើលគុណភាពទំនិញណាដែលគួរប្រើប្រាស់ ឫទំនិញណាមិនគួរប្រើប្រាស់ ជៀសវាងបរិភោគធ្វើឱ្យប៉ះពាល់សុខភាព.
ប្រតិបត្តិការនេះ បានធ្វើឡើងនៅផ្សារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានសាខាកាំកុងត្រូលខេត្ដ លោក ចាន់ វាសនា បានឱ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនេះ គោលបំណងការពារផលប្រយោជន៏ និងសុខភាពអ្នកប្រើប្រាស់ ផ្ដោតទៅលើកទំនិញវេចខ្ចប់ស្រាប់ ជាពិសេស ទំនិញហួសការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬលាយសារធាតុគីមីដែលត្រូវហាមឃាត់។
លោកបន្ថែមថា ការចុះត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញបានធ្វើតេស្តលើចំនីអាហារ ដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ប៉ូរ៉ាក់ លើមុខទំនិញដូចជា សសៃគុយទាវ សរសៃមីលឿង លតឆា លតស្វិត ត្រីងៀត សាច់ក្រក ងៀតក្របី ងៀតត្រីកញ្ចុះ ប្រហិតសាច់គោ ជាលទ្ធផលពុំមានសាធាតុគីមីហាមឃាត់ និង ធ្វើតេស្តសារធាតុគីមី លើកមុខទំនិញ ទឹកត្រាំសណ្ដែកបណ្តុះ ស្ពៃខៀវ ស្ពៃក្តោប ស្ពៃបូកគោ សាឡាត់ ផ្កាខាត់ណា ត្រសក់ ស្ពៃតឿ ខ្ញីហាន់ ផ្លែប៉ោម ជាលទ្ធផលពុំមានសារធាតុគីមីនោះទេ និងបានធ្វើតេសរកជាតិអ៊ីយ៉ូតនៅក្នុងអំបិលម៉ាកTry lida ជាលទ្ធផលមានអ៊ីយ៉ូតត្រឹមត្រូវ។ 
ជាងនេះទៅទៀត មន្ត្រីកាំកុងត្រូលខេត្ត បានធ្វើការណែនាំបន្ថែម ដល់អាជីវករ ពាណិជ្ជករឲ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និង អ្នកប្រើប្រាស់ អោយបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់។
បន្ទាប់មក មន្ត្រីកាំកុងត្រួលខេត្ត បានចុះអង្កេតតំលៃប្រេងនៅតាមស្ថានីយ៍ប្រេងឥន្ទនៈ នៅក្រុងសែនមនោរម្យ និងបានណែនាំដល់ម្ចាស់ស្ថានីយ៍ទាំងអស់ ត្រូវលក់តាមតម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់៕ ដោយ ពលៈ




































