សៀមរាប៖ យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំបុណ្យអុំទូក បណ្តែតប្រទិប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប បានឲ្យដងថា ក្នុងចំណោមទូកទាំង៣៣នេះ មានទូកអុំនារី ចំនួន៥ទូក ហើយត្រូវចែកចេញជា៤ពូល ។ ក្នុងនោះទូកជើងឯកកាលពីឆ្នាំ២០១៧ គឺទូកងឈ្មោះមហាសាល ដែលឧបត្ថម្ភដោយ
មន្ទីរទេសចរណ៍ និងគ្រឹះស្ថានអង្គរ ក៏បានដាក់ពាក្យចូលរួមផងដែរ។
របាលការណ៍ដដែលក៏បានឲ្យដឹងដែរថា ដែលចំនួនដែលចូលរួមក្នុងឆ្នាំ២០១៨នេះ មានការកើនឡើងចំនួន៣ទូក ដោយឆ្នាំ២០១៧ មានទូក ង ចំនួនត្រឹមតែ៣០ប៉ុណ្ណោះ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវ ដល់សាធារណៈជន ទាំងអស់ចូលរួមទស្សនាកំសាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០១៨ ខាងមុខ ក្នុងបំណងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ក៏ដូចជាផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនាប្រាង្គប្រាសាទ និងរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបកាន់តែច្រើនកុះករថែមទៀត។
គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ តាមបណ្តោយដងស្ទឹងសៀមរាប ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តព្រះរាជបូព៌ ៕
ដោយ ៖ ខេង ឧត្តម





































