(ព្រះវិហារ): លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានអោយដឹងផងដែរថា នៅវេលាម៉ោង១០.០០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងរបស់កងរាជអាវុធហត្ថស្រុកជាំក្សាន្តចំនួន៦នាក់ រថយន្ត២គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាបករណីចែកចាយ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនោះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក)ចំនួន២៣កញ្ចប់ ស្មើនិង២,២៣ក្រាម រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង កាំភ្លើងខ្យល់១ដើម ដាវ១ដើម ទូរស័ព្ទដៃ៣គ្រឿង ប្រាក់ដុល្លា៥$ ប្រាក់ខ្មែរ៥០០០៛។
លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានអោយដឹងផងដែរថា ជនសង្ស័យ ដែលកម្លាំងឃាត់ខ្លួនបានទី១មានឈ្មោះ អ៉ីម ណុត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ អ៉ីម វណ្ណី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៣ឈ្មោះ ញឹម កុសល់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងបីអ្នករស់នៅភូមិ ឃុំ កើតហេតុខាងលើ។
សូមបញ្ជាក់ថា បច្ចប្បន្នជនសង្ស័យ រួមជាមួយ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត កំពុងឃុំខ្លួន បណ្ដោះអាសន្ន ដើម្បីកសាងសុំណុំរឿង បញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្ត ទៅតាមនិត្តិវិធីច្បាប់៕សួនលីណា




































