កំពត៖ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាក្នុងស្រុកទឹកឈូ និងបណ្តាក្រុង ស្រុកមួយចំនួន ក្នុងខេត្តកំពតសរុប ៥០០គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសមាគមមិត្តភាពវៀតណាម-កម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបរិវេណសាលាស្រុកទឹកឈូ ។
លោក លឹម គង្គារ ប្រធានសមាគម មិត្តភាពវៀតណាម-កម្ពុជា ខេត្តគៀងយ៉ាង បានប្រាប់ឲ្យដឹងថា និយាយជារួម កិច្ចសហប្រតិបក្តិការរវាងកម្ពុជា វៀតណាម និងនិយាយដោយឡែករវៀងខេត្តនិងខេត្តមានន័យជ្រៅជ្រះណាស់ ក្នុងការផ្តល់ សន្តិភាព មិត្តភាព ពិសេសលើបញ្ហារក្សាសុខសន្តិភាពនៅតាមបន្ទាត់ព្រំដែន សម្រាប់ប្រជាជនរស់នៅដោយមានភាពងយស្រួល ក្នុងការទំនាក់ទំនងគ្នាបានយ៉ាងល្អ ក្នុងជីវភាពប្រចាំថ្ងៃ ។ ជាក់ស្តែង អំណោយមនុស្សធម៌របស់សមាគមវៀតណាម កម្ពុជា ខេត្តគៀងយ៉ាង ក្នុងពេលនេះបានបង្ហាញអំពីការចេះចែករំលែក យល់ទុក្ខធុរៈរវៀងពលរដ្ឋក្នុងខេត្តទាំងពីរ (គៀងយ៉ាង និងកំពត)។
អភិបាលស្រុកទឹកឈូ លោក នាក់ សុវណ្ណារី បានប្រាប់ឲ្យដឹងថា អំណោយមនុស្សធម៌ដែលសមាគមនាំមកនៅថ្ងៃនេះត្រូវបានចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា បីឃុំនៅស្រុកទឹកឈូ និងតាមបណ្តាស្រុកផ្សេងៗទៀត ។ លោកបានបញ្ជាក់ថា នេះជាសកម្មភាពជួយគ្នាទៅវិញទៅមករវៀងខេត្តភូំមិផងរបងតែមួយ (កំពត គៀងយ៉ាង) ហើយនេះជារឿងដ៏សាមញ្ញមួយសម្រាប់ខេត្តទាំងពីរក្នុងការជួយគ្នាទៅវិញទៅមក។
លោកអភិបាលបានបន្តថា អំណោយត្រូវបានចែកជូនចាស់ជរានិងពលរដ្ឋក្រីក្រសរុបចំនួន ប្រាំរយគ្រួសារ មួយគ្រួសារទទួលបានអង្ក១៥គីឡូ ទឹកត្រីពី២ដប ស្កសមួយគីឡូ មីមួយកេះ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ សមាគមបង្កើតនៅឆ្នាំ ២០០៣ សមាគមតែងតែបានចុះជួយឧបត្តម្ភគាំទ្រដល់ ប្រជាជនក្រីក្រនៅកម្ពុជាគ្រប់បណ្តាខេត្ត តាមរយៈអង្គការមនុស្សធម៌ ហើយក្រៅពីការចុះចែកអំចែអំណោយមនុស្សធម៌ សមាគមបានជួយផ្តល់ជាអគារ មិត្តភាពកម្ពុជា- វៀតណាម នៅខេត្តកែប ព្រះសីហនុ និងកសាងសាលារៀននៅខេត្តកណ្តាល និងបានចុះសួរសុខទុក្ខ និងចែកអំណោយពលរដ្ឋក្រីក្ររស់នៅតាមបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំផងដែរ ដ៕




































