ជិះម៉ូតូលឿនជ្រុលចង្កូតបុកត្រាក់ទ័រចំពីមុខស្លាប់ម្នាក់ ខណ:៣នាក់ទៀតរបួសធ្ងន់

0

ខេត្តរតនគិរី÷ យ៉ាងហោចណាស់ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលចង្កូតទៅបុកនឹងត្រាក់ទ័រភ្ជួរដី ខណ:បើកបរបញ្ច្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង២០នាទីល្ងាចថ្ងៃច័ន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១៨តាមផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅចំណុចមុខផ្ទះឈ្មោះចាំង ស្ថិតនៅក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាត់។

នាយប៉ុស្តិ៍ឃុំសេដាលោក ចាន់ ណារិទ្ធ បានឲ្យដឹងថា អ្នកបើកបរឈ្មោះ ខយ ធា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួន មុខរបរជាសិស្ស(ស្លាប់) រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1B-4659 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកបរក្នុងទិសដៅពីត្បូងទៅជើង។
ចំណែកអ្នករួមដំណើរ៣នាក់ទៀត
១-ឈ្មោះ ខយ ពិកា ភេទស្រី អាយុ៩ឆ្នាំ របួសធ្ងន់។
២-ឈ្មោះ ឡាន វេន ភេទប្រុស អាយុ៩ឆ្នាំ របួសធ្ងន់។
៣-ឈ្មោះ ចរ ងុប ភេទស្រី អាយុ៧ឆ្នាំ របួសធ្ងន់ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។

លោកថា អ្នកបើកត្រាក់ទ័រឈ្មោះ ប្រុស ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកត្រាក់ទ័រនៅហ្នឹងកន្លែងកើតហេតុ។

ក្នុងនោះដែរនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ធ្វើការវាស់វែងហើយដឹកបញ្ជូនជនរងគ្រោះទាំង៣នាក់ទៅសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីភ្លាមៗផងដែរ។

រីឯសពក្មេងប្រុសត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនឪពុកម្តាយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេដាដើម្បីយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ យក្ខឡោម