ត្បូងឃ្មុំ: ដោយសារសង្កេតឃើញថា ក្នុងដំណើរការដេញថ្លៃ គម្រោងមូលនិធិ ឃុំ.សង្កាត់ កន្លងមក នៅក្នុងខេត្ត ត្បូងឃ្មុំ ដំណើរការដេញថ្លៃភាគច្រើន អ្នកទទួលការ តែងតែមានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ហើយការចូលដេញថ្លៃ គ្រាន់តែជាការដាក់សំណើរបង្គ្រប់អោយគ្នាទៅវិញទៅមកតែប៉ុណ្ណោះ បន្ទាប់ពីបានចរចារព្រមព្រាងគ្នា ផ្តល់ទឹកតែអោយគ្នាហើយនោះ លុះក្រោយពីដេញថ្លៃរួច ទើបពួកគេ នាំគ្នាទៅណាត់ជួបចែកទឹកតែគ្នា តាមទីអារាម
ឬ តាមចម្ការកៅស៊ូជាដើម។ហើយទង្វើរបែបនេះ អ្នកទទួលការបានធ្វើសកម្មភាពដដែលៗ ក្នុងការឃុបឃិតគ្នា កេងប្រវ័ញ្ញថវិកាជាតិ អស់រាប់ពាាន់លានរៀល ក្នុងមួយឆ្នាំៗ ។ម្យ៉ាងទៀត ពេលខ្លះក៏មានអ្នកទទួលការខ្លះ មិនព្រមចរចារដែរ ប៉ុន្តែ ទោះជាយ៉ាងនោះក្តី ក៏ អ្នកទទួលការដែលចង់បានគម្រោង រួមជាមួយបក្សពួក បានប្រើវិធី រារាំង ឬ ចាប់អូស អ្នករឹងទទឹងចូលដេញថ្លៃ មិនអោយបានដាក់សំណើរដេញថ្លៃនោះទេ បើទោះជានៅចំពោះមុខម្ចាស់លទ្ធកម្ម ឬ មុខគណៈកម្មការ ដែលកំពុងអង្គុយមើលដំណើរការដេញថ្លៃនោះក៏ដោយ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៨ គម្រោងមូលនិធិឃុំ.សង្កាត់ចំនួន៥ បានដាក់អោយដេញថ្លៃនៅ សាលាស្រុកតំបែ ក្នុងខេត្តត្បូងឃ្មុំ ហើយទាំង៥គម្រោងនេះ អ្នកទទួលការចរចារ មិនត្រូវគ្នាដោយរលូននោះទេ ដូច្នេះ គម្រោងចំនួន ៤ គឺដេញថ្លៃប្រកបដោយមានការប្រកួតប្រជែង និងគម្រោង១ ជាគម្រោងដេញថ្លៃគ្មានតម្លាភាព ព្រោះ ក្នុងដំណើរការដេញថ្លៃនោះ គេសង្កេតឃើញ អ្នកចង់បានគម្រោង និងបក្សពួក បានធ្វើសកម្មភាព រារាំង .អូសទាញ.ឃាំងឃា . និងនិយាយចរចារ បណ្តើរ ខណៈកំពុងដំណើរការអោយដាក់សំណើដេញថ្លៃ រយៈពេល១០នាទី។
ហើយគម្រោងដែលគេ រារាំង និងចរចារ បានសម្រេចនោះ គឺ គម្រោង សាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ ១ខ្សែ ប្រវែង៣គីឡូម៉ែត្រ នៅឃុំសេដា ទឹកប្រាក់ដាក់អោយដេញ ១០៦.៩៦១.៣០០. រៀល .មានក្រុមហ៊ុនតែ ៣ ទេ ចូលដាក់សំណើរ ពោលគឺ ដេញចុះមកនៅត្រឹម១០៤.៩០០.០០០. រៀល (ចុះត្រឹមតែជាង២លានរៀលប៉ុណ្ណោះ) បានទៅលើក្រុមហ៊ុន ហង្ស សុខកួយ ដែល លោក ហង្ស សុខកួយ នេះ ក៏ប្រឹងឃាំងឃា ចរចារខ្លាំងណាស់ដែរជាមួយអ្នកទទួលការផ្សេង ដើម្បីកុំអោយគេចូលដេញប្រកួតជាមួយក្រុមហ៊ុនរបស់ខ្លួននោះ។ចំណែក ៤គម្រោងទៀតគឺជាការដេញថ្លៃដោយមានការប្រកួតប្រជែង ហើយក្នុងនោះ មានអ្នកទទួលការចូលដេញច្រើនក្រុមហ៊ុន មានដូចជា ១.គម្រោង ឃុំចុងជាច មានក្រុមហ៊ុនចំនួន ១០ចូលដេញថ្លៃ ហើយ តម្លៃ ដាក់អោយដេញ ចំនួនជាង ៨៣ លានរៀល ហើយដេញចុះរហូត
ជាង២៩លានរៀល ទី២ គម្រោង សាងសង់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ នៅឃុំទឹកជ្រៅ តម្លៃ ដាក់អោយដេញ ចំនួន ៨៣.២៥៣.០០០ រៀល មានក្រុមហ៊ុនចូលដេញចំនួន ៧ក្រុមហ៊ុន ហើយដេញចុះរហូតជាង១៩លានរៀល .ទី៣ គម្រោង សាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៅឃុំតំបែ តម្លៃ ដាក់អោយដេញ ចំនួន ៦២.៨០៥.៥០០ រៀល មានក្រុមហ៊ុនចូលដេញចំនួន ៧ដែរ ហើយដេញចុះរហូតជាង១៩លានរៀល និងទី៤ គម្រោង សាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ នៅឃុំគោកស្រុក តម្លៃ ដាក់អោយដេញ ចំនួន ៨៣.៣២០.៧០០ រៀល មានក្រុមហ៊ុនចូលដេញចំនួន ៨ ហើយដេញចុះរហូតជាង២៩លានរៀល។
ដោយឡែក នៅក្នុងថ្ងៃជាមួយគ្នានេះដែរ នៅឯសាលាស្រុក ក្រូចឆ្មារ ក៏មានដាក់អោយដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ចំនួន៣ គម្រោងដែរ ហើយទាំង៣គម្រោងនោះ គឺអ្នកទទួលការ ចូលដេញថ្លៃគ្រាន់តែបង្គ្រប់អោយគ្នាតែប៉ុណ្ណោះ ពោលគឺមិនមែនជាការដេញថ្លៃដោយមានការប្រកួតប្រជែងនោះទេ ព្រោះថា ក្នុងដំណើរការដេញថ្លៃនោះ មានវត្តមានក្រុមហ៊ុន ជាង ៣០ក្រុមហ៊ុន ប៉ុន្តែឈ្មោះក្រុមហ៊ុនដែលចូលដាក់សំណើរ មានតែ៣ឬ៤ក្រុមហ៊ុនប៉ុណ្ណោះ ក្នុងគម្រោង១ ហើយតម្លៃដេញចុះបន្តិចបន្តួចពីទឹកប្រាក់ប៉ាន់ស្មាន ដែលចំនួនទឹកប្រាក់គឺខុសគ្នាដាច់ឆ្ងាយពីការដេញថ្លៃ ដោយប្រកួតប្រជែង ដូចជា ទី១ គម្រោង សង់ផ្លូវក្រាលគ្រួសធម្មជាតិ១ខ្សែ នៅឃុំ រកាខ្នុរ ទឹកប្រាក់ដាក់អោយដេញ ៧៤.៤៨៥.១០៤ រៀល មានក្រុមហ៊ុន៤ ដាក់សំណើរ ហើយដេញចុះមកនៅ ជាង៧២លានរៀល .ទី២គម្រោងផ្លូវបេតុងអាមេ ប្រវែង២០០ម៉ែត្រ ទទឹង២ម៉ែត្រ នៅឃុំកោះពី ទឹកប្រាក់ប៉ាន់ស្មាន ៤៥.១៧៤.៩៤២ រៀល មានក្រុមហ៊ុន៣ ដាក់សំណើរ ហើយដេញចុះមកនៅ ជាង ៤៤ លានរៀល និងទី៣ គម្រោង ផ្លូវបេតុងអាមេ១ខ្សែ នៅឃុំស្វាយឃ្លាំង ទឹកប្រាក់ប៉ាន់ស្មាន ជាង ៧៣ លានរៀល មានក្រុមហ៊ុន៣ ដាក់សំណើរ ហើយដេញចុះមកនៅ ជាង៧១លានរៀល។
ដូច្នេះ ថវិកាដែលដេញថ្លៃមានការប្រកួតប្រជែង និង ទឹកប្រាក់ដែលដេញថ្លៃ មានការឃុបឃិតគ្នា បើធ្វើការប្រៀបធៀប តម្លៃ មានការខុសគ្នា ច្រើនណាស់ ដែលចំណុចនេះ គ្រាន់តែធ្វើការប្រៀបធៀបចំនួនប៉ុន្មានគម្រោងនេះផង ឃើញថា ថវិកាជាតិចំណេញខ្ទង់រយលានរៀលទៅហើយ ចុះបើក្នុង១ឆ្នាំ តើរដ្ឋចំណេញថវិកាច្រើនប៉ុណ្ណាទៅ ហើយលុយដែលសល់ គឺអាចយកមកអោយម្ចាស់លទ្ធកម្មសាងសង់ ឬអភិវឌ្ឍន អ្វីបន្ថែមទៀតបានយ៉ាងច្រើន នៅក្នុងមូលដ្ឋានរបស់ខ្លួន ផងដែរ។
យ៉ាងណាម៉ិញការឃុបឃិតគ្នាក្នុងដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ.
សង្កាត់នេះ នៅខេត្តកំពង់ចាម ក៏ធ្លាប់មានដូចគ្នានិងខេត្តត្បូងឃ្មុំដែរ នាពេលកន្លងមក ប៉ុន្តែ នៅដើមឆ្នាំ២០១៨ បន្ទាប់ពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានទទួលព័ត៌មានពីបណ្តាញផ្សព្វផ្សាយ លោក ក៏បានចាត់វិធានការ និងរកវិធីសាស្ត្រ លុបបំបាត់ទាំងស្រុងនូវការដេញថ្លៃដោយមានការឃុបឃិតគ្នា ហើយបានធ្វើអោយចំណេញថវិកាជាតិខ្ទង់ពាន់លានរៀល ទុកអោយអាជ្ញាធរមូលដ្ឋាន ឃុំ.សង្កាត់ បន្តការអភិវឌ្ឍនផ្សេងៗ មានដូចជា ផ្លូវគ្រួសក្រហម .ផ្លូវបេតុង. និងការស្តារប្រឡាយទឹកជាដើម ៕




































