សៀមរាប៖ ឧក្រិដ្ឋជនបំផ្លាញ់ព្រៃឈើ ដែលមានឈ្មោះល្បីល្បាញក្នុងខេត្តសៀមរាប ត្រូវបានគេដឹងថា បាន ប្រមូលសមត្ថកិច្ចមេព្រៃជា បងប្អូន ជាក្លើ ជាអ្នកបំរើអស់ហើយ ក្នុងការមើលផ្លូវ ដើម្បីដូរនឹងកំទេចលុយពី ឈ្មួញជើងខ្លាំង ឈ្មោះ ចាន់ណា ដែលបានរកស៊ីដឹកឈើប្រចាំឆ្នាំ តែពុំត្រូវបានហាមឃាត់នោះឡើយ និង មានការសង្ស័យថា លោក ចាន់ណា បានទិញតួនាទីរបស់លោក នាយខណ្ទរដ្ឋបាលព្រៃឈើអស់ទៅហើយ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ចាប់តាំងពីលោក មុង ប៊ុនលីម បានឡើងកាន់អំណាចជានាយខណ្ទ គឺ វាសនារបស់លោក ចាន់ណា ដែលត្រូវបានគេដឹងថា ឧក្រិដ្ឋជនព្រៃឈើ ដូចធ្លាកចូលជង្រុកសូ្រវអញ្ចឹង និងជាឈ្នួនជម្រុញឲ្យកាន់តែខ្លាំងឡើង នៃការបំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់ ដែលបាន ធ្វើសកម្មភាពដឹកជញ្ជូនចាប់តាំងពី ស្រុកស្វាយលើ ឆ្លងកាត់ផ្លូវហាយវេ ឆ្លងកាត់ស្រុកសូត្រនិគម និងស្រុក ប្រាសាទបាគង ចូលមកទឹកដីក្រុងសៀមរាប ដោយសុវត្តិភាព ចំណែកមេព្រៃដែលអង្គុយសំកុកតាមដងផ្លូវ គឺពុំបានយកតួនាទីរបស់ខ្លួនទៅ ទប់ស្កាត់ការពារនោះឡើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មូលហេតុដែលការដឹកជញ្ជូនឈើរបស់លោក ចាន់ណាប្រកបដោយរលូននេះ គឺដោយសារតែមាន ការឃុបឃិតពីពីលោក នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកស្វាយលើ ដែលបាន រួមផ្សំគំនិតគ្នា បំផ្លាញព្រៃឈើ និងដឹកជញ្ជូនដោយខុសច្បាប់ និងពុំមាននណាម្នាក់ ហ៊ានប៉ះពាល់មេឈ្មួញល្បីល្បាញ ឈ្មោះចាន់ណាឡើយ ដែលបានធ្វើឲ្យជីវភាពមេព្រៃតាមបណ្តាសង្កាត់ឆ្លងកាត់មានជីវភពធូធារ ជាងមុន ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ឈ្មួញឈើដុះស្លែរឈ្មោះចាន់ ណា មានបានសព្វថ្ងៃដោយសារតែ មុខជំនួញបទល្មើសឈើ ដែលជាឈ្មួញប៉ៅផ្តាច់ស្រុកស្វាយលើ ដោយពុំមានប្រជាពលរដ្ឋណាម្នាក់ ហ៊ានដណ្តើមតំណែង ផ្លូវស្វាយលើបានឡើយ សូម្បីតែប្រជាពលរដ្ឋធ្លាប់ ដឹកឈើជាលក្ខណៈគ្រួសារ ក៏មិនអាចរកបានដែរ ដោយ សារតែមានបងធំកាងផ្លូវ ដែលមានការសង្ស័យថា បានទទួលអំណាចពីលោក មុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប បើកភ្លើងខៀវទើបឈ្មួញបានដឹកជញ្ជូនបានដោយសេរី ។
ដោយ ប៊ុន រដ្ឋា