បន្ទាយមានជ័យ : លោកមេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យអះអាងថា កម្លាំងទាំងឡាយណាដែលមានសមត្ថភាព មានស្នាដៃនិងបានហ្វឹកហាត់ត្រឹមត្រូវទើបទទួលការលើកទឹកចិត្តនិងឡើងតំណែងពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាពីអគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរ:ភូមិន្ទ(ខភម) ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យថ្លែងដូច្នេះកាលពីថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថខេត្តនាទីលានបាញ់គ្រាប់ពិតភ្នំកងវ៉ាភូមិកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
ក្នុងឱកាសនៅ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថបន្ទាយមានជ័យទទួលបន្ទុកចលនាធនធានកម្លាំងអោយដឹងថា: វគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រចាំឆមាសទី២ ឆ្នាំ ២០១៨ ជាការអនុវត្តតាមផែនការហ្វឹកហ្វឺនេបស់លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជការរងនៃកងយោធពលខេមរ:ភូមិន្ទនិងជាមេបញ្ជារកងរាជអាវុធហត្តលើផ្ទៃប្រទេស ។ ់
វគ្គមានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ខែវិចិ្ឆកា ដល់ថ្ងៃទី២៧ខែវិចិ្ឆកា ឆ្នាំ២០១៨ដែលមានសិក្ខាកាមចំនួន ៧២នាក់ ហ្វឹកហាត់លើជំនាញចំនួន០៧ រួមមាន ៖ ១-លំហាត់របៀបជួរទ័ព ២-ការងាររក្សាសណ្តាប់ធ្នាប់ ៣-ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបាតុកម្ម ៤-ផលប៉ះពាល់ និងច្បាប់ស្តីពីគ្រឿងញៀន ៥-ការគ្រប់គ្រងសម្ភារៈសឹក ៦-ច្បាប់ព្រហ្មទណ្ឌ ៧-លំហាត់របៀបបាញ់សីុប ។
ក្នុងកម្មវិធីបិទវគ្គហ្វឹកហ្វឺននេះ មានការបាញ់គ្រាប់ពិតយ៉ាងច្រើននោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជាក់ថា : យោងកំណែទម្រង់កងទ័ពនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាពីអគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរ:ភូមិន្ទ(ខភម) កងកម្លាំងទាំងឡាយណាដែលមានសមត្ថភាព មានស្នាដៃនិងបានហ្វឹកហាត់ត្រឹមត្រូវទើបទទួលការលើកទឹកចិត្ត ឡើងសក្តិ និងឡើងតំណែង ។
ពោលគឺលោកនឹងធ្វើសម្រាំងពីចម្រាញ់ជម្រើស មិនអោយកងកម្លាំងណាដែលអត់បានហ្វឹកហ្វឺន អត់សមត្ថភាពជំនាញ តែបែរជាឡើងសក្តី ឡើងតំណែងនោះឡើយ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិក្ខាកាមដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងការបាញ់ស៊ីបគ្រាប់ពិត ក្នុងនោះរួមមាន ៖ ១-ចំណាត់ថ្នាក់លេខ១ ស្ទួន (ចំនួន ០២នាក់) ក្នុងម្នាក់ទទួលបាន -ឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ -អាវយឺត (អ.ហ) ០១ និងថវិកា ០១លានរៀល ។
២-ចំណាត់ថ្នាក់លេខ២(០១នាក់) ទទួលបាន -ឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ -អាវយឺត (អ.ហ) ០១ និងថវិកា ៥០ម៉ឺនរៀល ។ ៣-ចំណាត់ថ្នាក់លេខ៣(០១នាក់) ទទួលបាន -ឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ -អាវយឺត (អ.ហ) ០១ និងថវិកា ៣០ម៉ឺនរៀល ។
និងក៏ផ្តល់ជូនប័ណ្ណសរសើរលើកទឹកចិត្តដល់សិក្ខាកាមដែលគោរពវិន័យខ្ជាប់ខ្ជួន មានសណ្តាប់ធ្នាប់ល្អ ចំនួន០៥នាក់បន្ថែមទៀត និងថែមទាំងបានរៀបចំពិសារអាហារសាមគី្គ ថ្ងៃត្រង់មួយពេលសម្រាប់សិក្ខាកាម និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមផងដែរ ៕ ដោយ៖ឃិន គន្ធា




































