អភិបាលខេត្ត​កំពង់ចាម​ ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កីឡាករ​ទូក​ ង​ មហា​បទុម​រតន​ដី​ដុះ​សែនជ័យ​ ដែល​ទទួល​បាន​ជយលាភី​

0

កំពង់ចាម​:​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​រាជការ​ នារសៀល​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨នេះ​ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរសុខទុក្ខ​ និង​នាំយកអំណោយ​មួយចំនួន​ឧបត្ថម្ភ​ ជូន​ដល់​ក្រុមកីឡាករ​ចំណុះទូក​ ង​ ឈ្មោះ​ មហាបទុមរតនដីដុះសែនជ័យ​ របស់​វត្ត​បទុម​រតន​ដីដុះ​ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ដែលបានចូលរួម​ប្រកួត​ ក្នុងព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក​ សំពះព្រះខែ​ និង​បណ្តែតប្រទីប​ កាលពីថ្ងៃទី២១​ ២២​ ២៣​ នៅរាជធានីភ្នំពេញ​។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ ​អភិបាលខេត្ត​កំពង់ចាម​ បានលើកទឹកចិត្តនិងកោតសសើរចំពោះការលះបង់តស៊ូ​ ខិតខំប្រឹងប្រែង​ សាមគ្គីភាពគ្នា​រហូត​ឈាន​ដល់​​ទទួល​បាន​ជយជម្នះ​ ធ្វើឲ្យខេត្តកំពង់ចាម​មាន​មុខមាត់ ក្នុងពិធីបុណ្យជាតិប្រពៃណីខ្មែរយើង​ ធ្វើឲ្យការដើរលេងកម្សាន្ត​ មានភាព​សប្បាយរីករាយ​ ក្រោមដំបូងនៃសុខសន្តិភាព។
ជាមួយគ្នា​នោះ​ គណៈកម្មការ​ទូក​ ង​ ឈ្មោះ​បទុមរតនដីដុះសែនជ័យ​ ក៏បានថ្លែងអំណរគុណ​ចំពោះ​ ឯកឧត្តម​ គួច​ ចំរើន​ ​អភិបាលខេត្តកំពង់ចាម​ និងលោកជំទាវ​​ ​ដែល​បានឧបម្ភត្តនូវឯកសណ្ឋាន គ្រឿងឧបភោគ​ អាហារហូបចុកទាំងបីថ្ងៃ​ នៃព្រះរាជពិធីបុណ្យអុំ​ទូក​ អកអំបុក​ សំពះព្រះខែ​ ​និង​ បណ្តែតប្រទីប​ សម្រាប់បងប្អូនកីឡាករចំណុះទូក​ ង​ រហូត​ឈាន​ដល់​​ទទួល​បាន​ជយលាភី​ និង​ការ​នាំយក​អំណោយ​មក​ផ្តល់​ជូន​បងប្អូន​កីឡាករ​ក្នុង​ពេល​នេះផង​ដែរ​ ៕