កំពតៈ ជីវិតមនុស្ស សត្វនៅលើផែនដី កំពុងរងការកំពុងរងការគំរាមកំហែងកាន់តែខ្លាំង ដោយសារធាតុគីមីពុល ដូចជា អាវុធគីមី អាវុធជីវសាស្ត្រ អាវុធនុយក្លេអ៊ែរ និងអាវុធវិទ្យុសកម្ម ជាដើម ហើយវាបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងបានបម្លាញ់អាយុជីវិតមនុស្ស សត្វជាច្រើន។ជាក់ស្តែងឆ្នាំ២០១៨នេះ កម្ពុជា មានករណីពុលចំណីអាហារ និងបានបាត់បង់ជីវិតមួយចំនួនផងដែរ ដូច្នេះដើម្បីបញ្ចៀសនូវហានិភ័យទៅថ្ងៃក្រោយ អាជ្ញាធរ កងកម្លាំង និងអ្នកពាក់ព័ន្ធត្រូវ បញ្ជ្រាបចំណេះដឹងអំពីការគ្រប់គ្រងសារធាតុគីមីពុល ឲ្យបានទូលំទូលាយដល់គ្រប់មជ្ឈដ្ឋាន។
ថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធជីវសាស្ត្រ អាវុធនុយក្លេអ៊ែរ និងអាវុធវិទ្យុសកម្ម កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត លោកឧត្តមសេនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី បានមានប្រសាសន៍ថា អាវុធគីមី អាវុធជីវសាស្ត្រ អាវុធនុយក្លេអ៊ែរ និងអាវុធវិទ្យុសកម្ម កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសន្តិសុខ សន្តិភាព ក៏ដូចជាស្ថេរភាពក្នុងតំបន់ ព្រមទាំងពិភពលោកនាពេលបច្ចុប្បន្ន។ ដោយឡែកនៅកម្ពុជាក៏មានការគំរាមកំហែងដោយសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ អាយុជីវិត ពិសេសវាអាចរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិតែម្តង។ ដូច្នេះ ការបញ្ជ្រាបចំណេះដឹងពីការគ្រប់គ្រងអាវុធគីមី អាវុធជីវសាស្ត្រ
អាវុធនុយក្លេអ៊ែរ និងអាវុធវិទ្យុសកម្មដល់គ្រប់មជ្ឈដ្ឋានក្នុងក្របខណ្ឌទូទាំងប្រទេសជាករណីចាំបាច់ដើម្បីបញ្ចៀសនូវហានិភ័យសម្រាប់សង្គមទៅថ្ងៃក្រោយ។
លោកឧត្តមសេនីយ៍បានបន្តថា ផ្អែកលើការប្រមើលមើលពីបញ្ហាគ្រោះថ្នាក់ នៅចំពោះមុខបែបនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រមុខដឹកនាំបានចេញនូវអនុក្រឹត្យលេខ៤០.អនក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ស្តីពីសារធាតុគីមីដែលពាក់ព័ន្ធនឹងការផលិតអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។ អនុក្រឹត្យនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ ប្រកបដោយសុវត្ថិភាព ព្រមទាំងបញ្រ្ជាបឱ្យបានគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋអំពីភាពអាចបង្កគ្រោះថ្នាក់ ក៏ដូចជាការពារសុខភាពមនុស្ស សត្វ បរិស្ថានឱ្យចៀសផុតឥទ្ធិពលគ្រោះថ្នាក់ដោយសារករណីទាំងនោះ។
គួរំឭកថា នៅឆ្នាំ២០១៨នេះ មានព្រឹត្តិការបីគួរឲ្យគាត់សម្គាល់ទាក់ទងនឹងសារធាតុគីមីពុល មានសារធាតុកគីមីពុល បណ្តាលឲ្យទឹកនៅក្បែរៗ រោងចក្រនៅឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មានក្លិនស្អុយ រមាស់ ប្រើប្រាស់ លែងកើត, ២.ការពុលទឹកក្នុងភូមិចំនួនបួន ក្នុងឃុំកន្ទួត ស្រុកចិត្របូរី ខេត្តក្រចេះ បណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួស២០០នាក់, និងទី៣.ករណីសិស្សសាលា
អនុវិទ្យាល័យពង្រ ស្រុកស្ទោង ខេត្តកំពង់ធំចំនួន៣០នាក់ ពុលអាហារ និងដួលសន្លប់។ ដោយសារមូលហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចេញនូវអនុក្រឹត្យលេខ៤០.អនក្រ.បក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ស្តីពីសារធាតុគីមីដែលពាក់ព័ន្ធនឹងការផលិតអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម៕




































