រដ្ឋបាលព្រៃឈេី ស្បេីយការងារហេីយសម្តេចសខេង កោះហៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ក្រសួងកសិកម្មឲ្យធ្វើច្បាប់ ប្តេជ្ញាការពារព្រៃឈើឲ្យបាននៅក្នុងអណត្តិនេះ

0

 ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីជជែកពិភាក្សាអំពីការធ្វើវិសោនកម្មច្បាប់ស្តីពីព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារាចរណែនាំស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសទៅលើវិស័យព្រៃឈើ និងជលផល តាមរយៈការជម្រុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក៏ដូចជាការបែងចែកឡើងវិញនូវសមត្ថកិច្ចឲ្យបានច្បាស់លាស់រវាងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ព្រមទាំងរវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានានូវការលើកកម្ពស់ និងនិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ។

រាជរដ្ឋាភិបាលបានសម្រេចផ្ទេរ និងប្រគ់សមត្ថកិច្ចគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើទាំងអស់ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងសមត្ថកិច្ចគ្រប់គ្រងតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដីសង្គមកិច្ចទាំងអស់ ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានដាក់បញ្ចូលតំបន់ព្រៃឈើមួយចំនួនបន្ថែមទៀតឲ្យក្លាយទៅជាតំបន់ការពារធម្មជាតិ។

នៅក្នុងសារាចរណែនាំបានបញ្ជាក់ថា ស្របពេលនឹងការផ្ទេរសមត្ថកិច្ចគ្រប់គ្រង និងការជម្រុញឲ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា បុគ្គលមួយចំនួនបាននិងកំពុងឆ្លៀតឱកាសប្រព្រឹត្តបទល្មើសធនធានធម្មជាតិគួរឲ្យព្រួយបារម្ភនៅក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិ។

សូមរម្លឹកថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំពិនិត្យ និងផ្តល់មតិណែនាំលើការធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងការកែសម្រួលសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មរាជធានី ខេត្ត។ ហើយច្បាប់ស្តីពីជលផល គឺបានធ្វើវិសោធនកម្មរួចហើយ នៅតែការធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើនៅមិនទាន់បានចេញនៅឡើយ រហូតមកដល់ពេលនេះ។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យបានឆាប់ការធ្វើវិសោនកម្មច្បាប់គ្រប់គ្រងព្រៃឈើ ដើម្បីការពារធនធានធម្មជាតិព្រៃឈើដែលមានផល់ប៉ះពាល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមផេកសម្តេចក្រឡាហោម ស ខេង ដែលបានបង្ហោះផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។ ការថ្លែងនេះ ក្នុងពិធីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។

សម្ដេចក្រឡាហោ ស ខេង បានបញ្ជាក់ថា បច្ចុប្បន្ននេះច្បាប់ការពារព្រៃឈើពុំបានផ្ដល់អំណាចដល់អាជ្ញាធរ និងសមត្ថកិច្ចដែនដី ដែលបានធ្វើឲ្យជនខិលខូចមួយចំនួន កាប់ឈើខុសច្បាប់នាំចេញជាបន្តបន្ទាប់ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិប្រទេសកម្ពុជា ។
សម្ដេចបានបញ្ជាក់បន្តថា នៅក្នុងអាណ្តិតរដ្ឋាភិបាលថ្មីនេះ សម្ដេចនឹងជំរុញការកែប្រែច្បាប់នេះជាចាំបាច់ដើម្បីផ្ដល់អំណាចដល់អាជ្ញាធរដែនដី សមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ ការពារព្រៃឈើរបស់ប្រទេសកម្ពុជា៕