ប្រជុំថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំពង្រឹងតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជន

0

កំពង់ធំ៖  កិច្ចប្រជុំថ្នាក់ដឹកនាំ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីពង្រឹងតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ដោយមានស្មារតីទទួលខុសត្រូវខ្ពស់និងដោយស្មោះត្រង់ដាច់ខាត ជាតិព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។

កិច្ចប្រជុំថ្នាក់ដឹកនាំនេះ មានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងគ្រប់បណ្តាអង្គភាពចំណុះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានសមាសភាពចូលរួមចំនួន៩៨ នាក់ ដែលបានបញ្ជាក់ថា យោធិនយើងគ្រប់រូបត្រូវស្មោះត្រង់ ការពារឲ្យបានរដ្ឋធម្មនុញ្ញ ការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតឡើងដោយការបោះឆ្នោត ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

ហើយត្រូវយល់ឲ្យបានច្បាស់ថា កងទ័ពត្រូវអព្យាក្រឹតចំពោះ គណបក្សនយោបាយ នានា តែកងទ័ពគឺជាឧបករណ៍ដ៏មុតស្រួច ក្នុងការការពារជាតិ ការពាររាជរដ្ឋាភិបាល និងកំចាត់ជនទាំងឡាយណាដែលមានបំណងបង្កើតបដិវត្តន៍ពណ៍ ធ្វើឲ្យប្រទេសជាតិ ដែលកំពុងមានសន្តិភាពហើយដែលរកបានដោយលំបាកកន្លងទៅនេះ ក្លាយទៅជាប្រទេសដែលមានសង្គ្រាមជាថ្មីបានឡើយ ។

កងកម្លាំងទាំងអស់ត្រូវចូលរួមសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរដែនដី កម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុច របស់រាជរដ្ឋាភិបាល និងចូលរួមយ៉ាងសកម្ម ក្នុងការបម្រើអតីតយុទ្ធជន និងប្រជាជនយើងដោយអស់ពីចិត្ត ពីថ្លើម និងដោយស្មោះត្រង់ យោធិនគ្រប់រូប ត្រូវចងចាំពាក្យមួយឃ្លាដែលបានពោលថា កងទ័ពជាកូនចៅរបស់ប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជន ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា ថ្នាក់ដឹកនាំ មេបញ្ជាការ គ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវអនុវត្តយ៉ាងសកម្មនូវភារកិច្ច កសាងអង្គភាពរឹងមាំ លើគ្រប់វិស័យ ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ ឯកឧត្ត មេបញ្ជាការ យោធភូមិភាគទី៤ និងបទបញ្ជារបស់ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងនោះសមាជិក អង្គប្រជុំទាំងមូលបានប្តេជ្ញាចិត្តដាច់ខាត គោរព និងអនុវត្តឲ្យមានប្រសិទ្ធភាព តាមឱវាទរបស់ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ដោយ ប៊ុន  រដ្ឋា