សៀមរាប៖ អាជ្ញាធរជាតិអប្សរា រួមនិងស្ថាប័នដៃគូពាក់ព័ន្ធ បានរៀបចំការតាំងបង្ហាញជាសាធារណៈដើម្បីត្រៀមសម្ពោធការតាំងពិព័រណ៍ផ្លូវការអំពីសកម្មភាពការងារ និងសមិទ្ធផលនានារបស់គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។
ការតាំងបង្ហាញនេះធ្វើឡើងរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ វិច្ឆិកា ដល់ថ្ងៃទី ១២ ធ្នូ ឆ្នាំ២០១៨ នៅបរិវេណសួនច្បារមហាសណ្ឋាគារអង្គរ ឬក្រោយទីសក្ការៈព្រះអង្គចេក ព្រះអង្គចម។
គោលបំណងនៃការតាំងបង្ហាញនេះ គឺដើម្បីបង្កើនការផ្សព្វផ្សាយនិងយល់ដឹងជាសាធារណៈអំពីសកម្មភាពនិងសមិទ្ធផលសំខាន់ៗរបស់គណៈកម្មាធិការអាយសីុសីុ-អង្គរ លើគម្រោងអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គររយៈពេល២៥ឆ្នាំកន្លងមកដល់សិស្សានុសិស្ស និសិត្ស សាធារណជន និងភ្ញៀវទេសចរគ្រប់ប្រភេទ។
សូមបញ្ជាក់ថា ការសម្ពោធពិព័រណ៍ផ្លូវការអំពីសកម្មភាពនិងសមិទ្ធផលសំខាន់ៗ២៥ឆ្នាំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសីទសុខាសៀមរាប៕





































