​កិច្ចប្រជុំពិភាក្សារៀបចំតាំងពិព័រណ៍​សម្ពោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា

0

កំពង់ចាម​:​ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការ រៀបចំការតាំងពិពរណ៍បង្ហាញសមិទ្ធិផលគម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ខេត្តកំពង់ចាម ក្នុងពិធីសម្ពោធវិមាន អនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងការរៀបចំ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា​ ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័កពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នៅ​សាលប្រជុំ​សាលា​ខេត្ត​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ជាច្រើន​ផង​ដែរ​។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ រូបគំនូរ​ព្រាង​រថយន្ត​ដង្ហែ​ក្បួន​ព្យុហយាត្រា​ត្រៀម​សម្រាប់​អបអរ​សាទរ​ ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ ទិវា​ជ័យជម្នះ​ ៧មករា​ ឆ្នាំ​១៩៧៩-២០១៨​ របស់​ខេត្ត​កំពង់ចាម​ គួរ​ត្រូវ​យក​រូបភាព​ប្រាសាទ​នគរ​បា​ជ័យ​ ដោយ​ប្រាសាទ​នគរ​បា​ជ័យ​ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​វ័យ​ចំណាស់​ នៃ​ខេត្ត​កំពង់ចាម​ ដែល​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​នា​សម័យ​មហា​នគរ​ និង​ជា​ប្រាសាទ​បុរាណ​មួយ​ដែល​បាន​សាងសង់​ឡើង​ នៅ​ចុង​សតវត្ស​ទី១២​ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ តាម​រចនាបថ​បាយ័ន​ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​មហាយាន​ នៅក្នុង​បរិវេណ​ប្រាសាទ​មាន​សសរ​ពេជ្រ​ខ្ពស់​ៗ​ ឈរ​ទប់​ទ្រ​ផ្កែរ​ប្រាសាទ​យ៉ាង​រឹងមាំ​ រីឯ​ទ្វារ​ទាំង៤ទិស​របស់​ប្រាសាទ​ ដែល​អម​ដោយ​ជញ្ជាំង​ទាំង​ឡាយ​ក៏​នៅ​រឹងមាំ​។ ទស្សនៈវិស័យ​ដើម​នៃ​សំណង់​ប្រាសាទ​នេះ​ គឺ​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​ និង​ព្រហ្មញ​សាសនា​ ​រហូត​មក​ដល់​បច្ចុប្បន្ន​ស្ថានភាព​ប្រាសាទ​នេះ​ គឺនៅ​រឹងមាំ​ល្អ​ ផ្ទាំង​សិលាចារឹក​ និង​ចម្លាក់​នានា​ស្ថិត​នៅ​ក្នុង​លំនាំដើម​ទាំងអស់​ ចំណែក​សំណង់​ព្រះវិហារ​ព្រះពុទ្ធសាសនា​ ដែល​ស្ថាបនា​ក្រោយ​សម័យ​អង្គរ​នោះ​ក៏​ស្ថិត​នៅ​ល្អ​តាម​លំនាំ​ស្ថាបត្យកម្ម​ដើម​ផង​ដែរ។

ជាមួយគ្នានោះ​ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ការដាក់តាំងបង្ហាញពិព័រណ៍ ពីសមិទ្ធផលក្នុងខេត្ត​នាឱកាសនោះ​ដែរ​ គឺដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ខេត្តដែលបានធ្វើការអភិវឌ្ឍន៍ រយៈពេល២០ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឱ្យ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងចង់បង្ហាញអំពី សក្ដានុពលដែលជាប្រភពចំណូលក្នុងការយកមកធ្វើការអភិវឌ្ឍរបស់ខេត្តរួមមាន វិស័យ សេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្មដើម្បីជូនដល់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសបានទស្សនានិងបានឈ្វេងយល់អំពីសក្ដានុពលដែលខេត្តមានផងដែរ ៕​