អភិបាលខេត្តកំពង់ចាម​ អញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសគ្រូបង្រៀន​ កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សា

0

កំពង់ចាម:​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម អមដំណើរ​ដោយ​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ និង​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញ បើកវិញ្ញាសារប្រឡងជ្រើសរើសគ្រូបង្រៀន កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សា នៅក្នុងសាលាគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។
ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បានថ្លែងថា បច្ចុប្បន្ន​នេះរាជរដ្ឋាភិបាលកម្ពុជា បានកំណែទម្រង់លើវិស័យអប់រំ ដោយផ្តោតលើការប្រឡង​ឲ្យ​មានតម្លាភាព​ ដូច្នេះ​គ្រប់វិញ្ញាទាំងអស់សុទ្ធតែ បានរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ និងនាំយកមក ឲ្យ​ក្មួយៗដែល​ជា​បេក្ខជន​ បានត្រួតពិនិត្យ​ជាមុន​រួចរាល់​សិន​ ហើយ​បានកាត់បើកវិញ្ញាសារនេះ នៅចំពោះមុខ​បេក្ខជន​តែម្តង ធ្វើយ៉ាងនេះ ដើម្បីផ្តល់នូវភាពយុតិធម៌ ដល់ក្មួយៗ​បេក្ខជន​ទាំងអស់​ ក្នុងការប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីរាជការ​ ដោយ​ពឹង​អាង​លើ​សមត្ថភាព​ផ្ទាល់ខ្លួន​។ ទាំងនេះគឺជាការខិតខំរបស់រាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រីអាជ្ញាធរ បាន​អនុវត្តន៍​នូវគោលការតម្លាភាព​ឲ្យ​បានត្រឹមត្រូវ ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បី​ឲ្យ​ក្មួយៗ​​ ដែលចូលរួមប្រឡងទទួលបានយុត្តិធម៌ផងដែរ។​
ជាមួយគ្នានោះ​ ឯកឧត្ដម​ អភិបាលខេត្ត​ ក៏​បានផ្តាំផ្ញើ​ដល់​ក្មួយៗ​បេក្ខជន​ បេក្ខនារី​ទាំងអស់​ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំប្រឹងប្រែងព្យាយាមប្រឡង​ ឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន​ ដើម្បីទទួលបានលទ្ធផល​ល្អក្នុងឱកាសនៃការប្រឡងនេះផងដែរ។
លោក​ លី​ ម៉េង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ស្ថិតិ​បេក្ខជន​សរុប​រួម​មាន​ ៣៣១៧នាក់​ ក្នុង​នោះ​មាន​ស្រី​ ២៤១០នាក់​ ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ជ្រើសរើស​គ្រូ​បង្រៀន​បឋមសិក្សា​-មត្តេយ្យ​សិក្សា​ តាម​ប្រព័ន្ធ​បណ្តុះបណ្តាល​ ១២+៤​ និង​១២+២​ ទៅ​តាម​បណ្ដា​ស្រុក​ទាំង៩​ ដែល​បេក្ខជន​បាន​ជ្រើសរើស​ នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ លើកលែង​តែ​ក្រុង​កំពង់ចាម​។
មណ្ឌល​ប្រឡង​ មានចំនួន​៧​មណ្ឌល​ ក្នុង​នោះ​តាម​ប្រព័ន្ធ​បណ្តុះបណ្តាល​ ១២+៤​ និង​១២+២​
ដែល​មាន​ ១.មណ្ឌល​វិទ្យាល័យ​ព្រះ​សីហនុ​ មាន​ចំនួន​២០បន្ទប់​ បេក្ខជន​(១២+២)​ ៥០០នាក់​ ជ្រើសរើស​ស្រុក​កោះសូទិន​ ស្រីសន្ធរ​ និង​ជើង​ព្រៃ​។ ២.មណ្ឌល​វិទ្យាល័យ​តេជោ​បឹងកុក​ មាន​ចំនួន​២០បន្ទប់​ បេក្ខជន​(១២+២)​ ៥០០នាក់​ ជ្រើសរើស​ស្រុក​ជើងព្រៃ​ និង​ស្រុក​ព្រៃឈរ​​។
៣.មណ្ឌល​វិទ្យាល័យ​ដីដុះ​ មាន​ចំនួន​២០បន្ទប់​ បេក្ខជន​(១២+២)​ ៥០០នាក់​ ជ្រើសរើស​ស្រុក​ព្រៃឈរ​ កងមាស​ និង​ស្រុក​បាធាយ​។
៤.មណ្ឌល​បឋម​ឧត្តរ​ មាន​ចំនួន​២០បន្ទប់​ បេក្ខជន​(១២+២)​ ៥០០នាក់​ ជ្រើសរើស​ស្រុក​បាធាយ​ និង​ស្រុក​ចំការលើ​។ ៥.មណ្ឌល​អនុ​វិទ្យាល័យ​ទួលថ្ម​ មាន​ចំនួន​២០បន្ទប់​ បេក្ខជន​(១២+២)​ ៥០០នាក់​ ជ្រើសរើស​ស្រុក​ចំការលើ​ កំពង់​សៀម​ និង​ស្រុក​ស្ទឹងត្រង់​។ ៦.មណ្ឌល​សាលា​គរុកោសល្យ​ និង​វិក្រឹតការ​ខេត្ត​ មាន​ចំនួន​២០បន្ទប់​ បេក្ខជន​បឋម​(១២+២)​ ៣១១នាក់​ ជ្រើសរើស​ស្រុក​ស្ទឹងត្រង់​ និង​បេក្ខជន​មត្តេយ្យ​ ជ្រើសរើស​ស្រុក​កោះសូទិន​ ស្រីសន្ធរ​ ជើងព្រៃ​ ព្រៃឈរ​ និង​ស្រុក​កងមាស​។ ៧.មណ្ឌល​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ មាន​ចំនួន​១៤បន្ទប់​ បេក្ខជន​បឋម​សិក្សា​(១២+៤)​ ១២៧នាក់​ គ្រប់​ស្រុក​ទាំង៩​ និង​បេក្ខជន​មត្តេយ្យ​សិក្សា​ជ្រើសរើស​ស្រុក​បាធាយ​ ចំការ​លើ​ កំពង់​សៀម​ និង​ស្រុក​ស្ទឹងត្រង់​។ ដោយឡែក​គណៈ​មេប្រយោគ​ក្នុង​ខេត្ត​សរុប​មាន​ចំនួន​៣៩៧នាក់​ ផង​ដែរ​ ៕