មហាជនជាង៣ម៉ឺននាក់ សម្តែងការអបអរ សាទរ ខួបអនុស្សាវរីយ៍លើកទី៤០ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា( ២ ធ្នូ ១៩៧៩ – ២ ធ្នូ ២០១៨ )

0

ក្រចេះ : មហាជនប្រមាណជាង៣ម៉ឺននាក់ នៅថ្ងៃអាទិត្យ១០រោច ខែកត្តិក ឆ្នាំឆ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែធ្នូ ២០១៨ បានមកចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ធ្នូ ១៩៧៩ – ២ ធ្នូ ២០១៨ )ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា ប្រធានកិត្តិយសគណបក្ស ប្រជា ជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណ សិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។

មានប្រសាសន៍ក្នុងពិធី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា មានប្រសាសន៍ថា ៖ ការប្រារព្វខួបអនុស្សវរីយ៍នេះ គឺក្នុងស្មារតីរំលឹកការចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុងឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្មគ្រ័ចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់ជាតិ និងប្រជាជនកម្ពុជា ។

យើងទាំងអស់គ្នា ជាប្រជាជនរបស់កម្ពុជា សូមសម្តែងនូវការដឹងគុណដ៏ជា្រលជ្រៅចំពោះបណ្តាប្រទេសជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌ នៅលើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះសរ ចំពោះបុព្វហេតុសង្រ្គោះជាតិ និងប្រជាជនពីរណ្តៅមរណៈនេះ ។
សម្តេចមានប្រសាសន៍ ៖ ប្រវត្តិសាស្រ្តនេះ មិនមែនជាការនិពន្ធទេ ប៉ុន្តែគឺជាអ្វីៗដែលមានពិត និងមិនអាចប្រកែកបានឡើង ហើយកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទោះបីជាទើបត្រូវបានបង្កើត ប៉ុន្តែដោយសារមានការគាំទ្រពីប្រជាជនគ្រប់ទិស នៅទូទាំងប្រទេសដែលកំពុងដង្ហើយបួងសួងសុំការសង្រ្គោះ ជាពិសេសដោយទទួលបានការជួយឧបត្ថម្ភដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្មគ្រ័ចិត្តវៀតណាម បានវាយផ្តួលរំឡំរបបប្រល័យពូជសាសន៍ រហូតទទួលបាកជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ហើយប្រែក្លាយកម្ពុជា ពីរបបវាលពិឃាដដ៏ឃោឃៅ និងឆ្លងកាត់ដំណាក់កាលតស៊ូដ៏ស្វិតស្វាញជាបន្តបន្ទាប់មកជាកម្ពុជាសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ៕ដោយ រដ្ឋា