ក្មេងប្រុស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលទៅឃ្វាលគោចុះហែលទឹកស្រះ

0

កំពង់ធំៈ    ក្មេងប្រុសជំទង់២នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអធ័ម ខណៈពេលដែលចុះហែលទឹកស្រះចំការ ឳឡឹក មួយកន្លែងស្ថិតនៅ ចំណុចថ្នល់ខ្អាវខាងលិចភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ កំពង់ធំ ដែលបានកើតឡើង កាលពីវេលាម៉ោង ១៣.៣០ នាទី ត្រូវនិងថ្ងៃទី ០៣ធ្នូ ឆ្នាំ ១២ ២០១៨ ។

ក្មេងប្រុស២នាក់ បានលង់ទឹកស្រះចំការឳឡឹក ឈ្មោះ ឡាច សុខម៉ាច ភេទប្រុសចម្ងាយប្រហែល ៧០០ ម៉ែត្រ នៅភូមិ ឃុំខាងលើ សាកសពឈ្មោះ ចំរើន វីរៈ ភេទប្រុស អាយុ ១២ ឆ្នាំ និងទី២ សពឈ្មោះ ចំរើន រដ្ឋា ភេទប្រុស អាយុ ១៣ ឆ្នាំ  នៅភូមិក្រសាំង ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរសិស្សទាំង០២នាក់ ។

តាមការបំភ្លឺពី ឈ្មោះ យ៉ាន់ ចំរើន ជាឪពុកជនរងគ្រោះ រស់នៅភូមិឃុំកើតហេតុខាងលើ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ក្មេងប្រុស ឈ្មោះ ឈៀ សុវណ្ណ ភេទប្រុស អាយុ ១១ ឆ្នាំនៅភូមិឃុំជាមួយគ្នាជាមួយនឹង ក្មេង​រងគ្រោះ បានទៅឃ្វាលគោនៅតំបន់កើតហេតុខាងលើ ក៏បានប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះទាំង០២នាក់ បានរត់មករាយការណ៍ប្រាប់ អ្នកភូមិ ទើបបង្ករឲ្យមានការភ្ញាក់ផ្អើល ក៏បានចុះស្រង់សាកសពទាំង២ហើយបានយកទៅពេទ្យពេលដល់ពេទ្យ  តែអ្វីៗក៏បានហួសពេលហើយ ដោយសារ ក្មេងទាំង០២បានស្លាប់បាត់ទៅហើយ ។

លោក វរៈសេនីយ៍ត្រី ផន ផាត នៃអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ អាជ្ញា បានចូលរួមពិនិត្យសាកសព ដែលមិនប្រទះឃើញមានស្លាកស្នាមអ្វីឡើយ ទើបបានសន្និដ្ឋាន ករណីក្មេងទាំង២នាក់ស្លាប់ ដោយសារចុះលេងទឹកបណ្តាលឲ្យលង់ទឹកស្លាប់ពិតប្រាកដមែន ក្រោយពេលពិនិត្យរួច បានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ  ប៊ុន  រដ្ឋា