ខេត្តព្រះវិហារ៖ ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារកម្ពុជា និងច្រកទ្វារព្រំដែនអានម៉ាថៃ បានបើកដំណើរការជាប្រក្រតីឡើងវិញហើយ នៅព្រឹកថ្ងៃទី៦ឧសភា២០២៥នេះ បន្ទាប់ពីបានបិទដោយឯកតោភាគីសំណាក់ទាហានព្រំដែនថៃ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។
ក្រោយការបើកច្រកទ្វារព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-ថៃ (អានសេះ-អានម៉ា) នោះមក គេបានសង្កេតឃើញស្ថានភាពនៅច្រកទ្វារព្រំដែន មានលក្ខណៈល្អប្រសើរ ដោយមានប្រជាពលរដ្ឋខ្មែរ និងថៃយ៉ាងច្រើនកុះករ បាននាំយកទំនិញគ្រប់ប្រភេទ ធ្វើចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែន ទៅវិញទៅមកយ៉ាងសស្រាក់សស្រាំ ដើម្បីផ្តោះប្តូរមុខទំនិញ រវាងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកម្ពុជា-ថៃ និងក៏បានបង្ហាញឱ្យឃើញពីទំនាក់ទំនងយ៉ាងល្អប្រសើរ ដែលជាប្រទេសភូមិផងរបងជាប់គ្នា។
ដោយឡែក ប្រជាពលរដ្ឋខ្មែរឯណេះវិញ ពួកគាត់បាននាំយកកសិផល រួមទាំងអនុផលព្រៃឈើ ដែលបានមកពីការដាំដុះ និងការស្វះស្វែងរកក្នុងព្រៃ ដូចជា ផ្សិតប៉ក់, ស្វាយ, កន្ធាង,និង ដើមទ័ល ជាដើម ដើម្បីយកទៅលក់នៅលើទីផ្សារនៃទឹកដីថៃ។ ចំណែក ខាងប្រជាពលរដ្ឋថៃ ក៏បាននាំចូលនូវទឹកបរិសុទ្ធ ស្រាបៀរ ឥវ៉ាន់ចាប់ហួយ សត្វមាន់រស់ និងគ្រឿងសមុទ្រ យកមកលក់នៅលើទីផ្សារ នៃទឹកដីកម្ពុជា ផងដែរ។
ស្របពេលដែលប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ បាននិងកំពុងប្រកបរបរសុច្ចរិត ដើម្បីចិញ្ចឹមជីវិត និងជីវភាពគ្រួសារ កម្លាំងស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ កម្ពុជា ត្រូវគេឃើញ បានចេញត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងជួយសម្រួលដល់ការផ្តោះប្តូរទំនិញ ជូនប្រជាពលរដ្ឋកម្ពុជា និងថៃ បានយ៉ាងល្អប្រសើរ ថែមទៀតផង៕ដោយ៖ឡុង សំបូរ