ខេត្តព្រះវិហារ៖ ការលើកឡើងរបស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ខណៈដែលលោក បានអញ្ជើញដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមប្រមាណ ២០០នាក់ ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះវិហារ។
ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនោះ បានធ្វើឡើងក្រោមកិច្ចសហការ រវាងរដ្ឋបាលខេត្តព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ក៏ដូចជាអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ក្នុងការព្យាបាល។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានលើកឡើងថា “ក្លឹបនៃក្តីស្រឡាញ់” បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញយុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមគាំទ្រគោលដៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ១០០ភាគរយរបស់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សកម្មភាពនេះ មិនត្រឹមតែលើកកម្ពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃប៉ុណ្ណោះទេ ថែមទាំងពង្រឹងនូវសុវត្ថិភាព និងនិរន្តរភាពឈាម សម្រាប់សង្គ្រោះជីវិតមនុស្សផងដែរ។
លោក គីម រិទ្ធី បានបន្តថា ការបរិច្ចាគឈាម គឺជាទង្វើដ៏មានតម្លៃ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសង្គម។ ហើយឈាមដែលបានបរិច្ចាគនឹងត្រូវប្រើប្រាស់សម្រាប់ការវះកាត់ ព្យាបាលជំងឺធ្ងន់ធ្ងរ និងសង្គ្រោះជីវិតអ្នកជំងឺ ដូចជា ជំងឺមហារីក ជំងឺគ្រុនឈាម អ្នកជំងឺដែលរងរបួសធ្ងន់ និងស្ត្រីឆ្លងទន្លេ ជាដើម។ លោកបានបញ្ជាក់ថា “ក្លឹបនៃក្តីស្រឡាញ់” នឹងប្តេជ្ញាបន្តរៀបចំកម្មវិធី បរិច្ចាគឈាមជាប្រចាំ ដើម្បីបំពេញតម្រូវការ ឈាមនៅក្នុងមន្ទីរពេទ្យ។
សូមជម្រាបថា ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” មានអ្នកចូលរួម ២០០នាក់ ក្នុងនោះ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ១៤១នាក់ ស្រី៣៥នាក់។ អ្នកមានលក្ខខណ្ឌមិនគ្រប់គ្រាន់ក្នុងការបរិច្ចាគឈាម ៣៦នាក់ ស្រី ២៦នាក់។ ចំពោះឈាមដែលប្រមូលបានមានចំនួន ៨៤សាក់ ក្នុងនោះ ក្រុមឈាម O+ ២៦សាក់, ក្រុមឈាម AB+ ៦សាក់, ក្រុមឈាម A+ ១៦សាក់ និង ក្រុមឈាម B+ ៣៦ សាក់៕ដោយ៖ឡុង សំបូរ