អាជ្ញាធរជាតិអប្សរានិងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចុះអនុស្សារណៈយោគយល់គ្នា បន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងលានជល់ដំរី

0

សៀមរាប៖ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ នាសណ្ឋាគារសុខាសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកតំណាងឱ្យភាគីអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Jeong Yungil នាយកប្រតិបត្តិភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តំណាងឱ្យភាគីកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរជំហានទី២ រួមនឹងលានជល់ដំរីនៅក្រុងអង្គរធំ។

ការចុះអនុស្សារណៈនេះ ធ្វើឡើងបន្ទាប់ពីការជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១បានបញ្ចប់ដោយជោគជ័យនៅចុងឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៦-២១ កញ្ញា ២០១៨ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានចុះមកពិនិត្យមើលការងារបច្ចេកទេស លទ្ធភាពក្នុងការជួសជុល និងប្រមូលផ្តុំព័ត៌មានផ្សេងៗ មុននឹងសម្រេចបន្តកិច្ចសហប្រតិបត្តិការនេះឡើង។

សូមបញ្ជាក់ដែរថា គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២មានរយៈពេល៥ឆ្នាំ ដោយចាប់អនុវត្តការងារពីឆ្នាំ២០១៩ ដល់ ២០២៣ ចំណាយថវិការសរុប៧លានដុល្លារ។

ភារកិច្ចសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះ គឺអភិរក្សជួសជុលប្រាសាទជម សិក្សាពីចំណុចហានិភ័យខ្ពស់នៅតាមប្រាសាទក្នុងក្រុមប្រាសាទព្រះពិធូ ជួសជុលមួយផ្នែកនៅលានជល់ដំរី រួមទាំងផ្តល់សម្ភារៈក្នុងដំណើរការជួសជុលក្នុងគម្រោង។ បន្ថែមពីលើនោះទៀត ក៏បានបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌ផងដែរដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា៕